(ភ្នំពេញ)៖ បុរីថ្មីមួយ GB Residence ដែលបោះទុនវិនិយោគ លើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញវត្តមាន នៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ា តាំង គួងហាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។
លោកថា កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ា បានបន្តថា «ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព»

លោកបន្តថា «ផ្ទះក្នុងគំរោង GB Residence មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១0ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនីមួយៗ»

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះ មានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ា តាំង គួងហាវ បានឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាព ដូចផ្លូវ២៧១ នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះ នឹងទទួលបានផលចំណេញច្រើន នាពេលអនាគត ដោយសារតំបន់នេះ ជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។

អ្នកជំនាញអចលនទ្រព្យ បានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិនិយមផងដែរ ជាមួយនឹងវត្តមានបុរី GB Residence និងបុរីជាច្រើនទៀត កំពុងសាងសង់នៅតំបន់នេះ។

ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate លោក សន សៀប បានថ្លែងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការអភិវឌ្ឍន៍លឿននាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នទីក្រុងកាន់តែរីកធំ កំណើនប្រជារាស្រ្ដ និងជីវភាពកាន់តែប្រសើរសំរាប់ប្រជាពលរដ្ឋ។

លោកបន្តថា «ទោះបីជាកម្ពុជាកំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែតម្លៃដីនៅតំបន់នេះនៅតែកើនឡើង ដោយសារតែមានការវិនិយោគជាបន្តបន្ទាប់ ពីអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ»