(អាមេរិក)៖ តារាសម្តែង និងជាតារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Scarlett Johansson ដែលជាប់ឈ្មោះ ជាតារាស្រីមានតម្លៃខ្លួនខ្ពស់ នៅអំឡុងឆ្នាំ២០១៨-២០១៩ បានបង្ហើបអ្នកគាំទ្រឲ្យដឹងថា រឿង «Black Widow» ជាភាពយន្តចុងក្រោយរបស់នាង ជាមួយខ្សែស្រឡាយ Marvel។ ត្បិតនេះជាដំណឹងមិនសូវល្អ សម្រាប់អ្នកគាំទ្រក្តី ប៉ុន្តែពួកគេនៅតែមានសង្ឃឹមថា នាងនឹងលេចវត្តមានក្នុងរឿងជាបន្តបន្ទាប់ទៀតដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

បន្ថែមពីនេះ ឆ្លងឆ្លើយជាមួយអ្នកកាសែតតាមវីដេអូអនឡាញ នាពេលថ្មីៗនេះ តួសំខាន់ក្នុងរឿង «Black Widow» គឺ Scarlett Johansson បាននិយាយថា នាងមិនមានគម្រោងសម្តែងភាពយន្តអ្វីទៀត ជាមួយ Franchise នេះទេ។ នាងក៏បានឲ្យដឹងដែរថា សម្រាប់រឿងចុងក្រោយនេះ នាងបានបញ្ចេញសមត្ថភាព និងរៀនសូត្រច្រើនជាងភាពយន្តកន្លងទៅ ដោយសារក្រៅពីសម្ដែង នាងក៏ទទួលបានតួនាទីជាផលិតករមួយរូបផងដែរ។

ងាកទៅអ្នកគាំទ្រ នៅតែមានសង្ឃឹមថា នេះមិនមែនជាលើកចុងក្រោយ ដែលពួកគេបានឃើញ Johansson សម្ដែងតួ Black Widow នោះទេ តែយ៉ាងណាតារាស្រីវ័យ ៣៦ឆ្នាំ ដែលបច្ចុប្បន្នកំពុងពពោះកូនទី២រូបនេះ បានប្រាប់សារព័ត៌មានថា នេះជាស្នាដៃចុងក្រោយពិតមែនហើយជាមួយ Marvel។ តារាស្រី Scarlett Johansson បានបង្ហាញវត្តមានលើកដំបូងក្នុងភាពយន្ត «Iron Man 2» កាលពីឆ្នាំ២០១០ រហូតដល់រឿងនេះ តារាស្រី Scarlett Johansson បានសម្ដែងជាតួ «Black Widow» ជាលើកទី៩ ហើយ នៅក្នុងសែស្រឡាយភាពយន្តចក្រវាឡ Marvel។

គួរជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនដង ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទីបំផុតភាពយន្ត «Black Widow» ដែលនិយាយពី Superhero ស្រីដ៏ល្បីក្នុងក្រុម Avengers បានសម្រេចចាក់បញ្ចាំងតាមរោងភាពយន្ត និងនៅលើបណ្ដាញ Disney+ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះតទៅហើយ៕