(ម៉ាឌ្រីដ)៖ គ្រូបង្វឹកក្លិប Atletico Madrid លោក Diego Simeone បានព្រមព្រៀងបន្តដឹកនាំក្លិបទីក្រុង Madrid ប្រទេសអេស្ប៉ាញមួយនេះចំនួន ៣ឆ្នាំថែមទៀត បន្ទាប់ពីបានដឹកនាំក្លិបឈ្នះជើងឯក La Liga នារដូវកាលមុនរួចមក។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
បុរសសញ្ជាតិអាហ្សង់ទីនដែលបានកាន់តំណែងនៅ Atletico ក្នុងឆ្នាំ២០១១ នោះ បានឈ្នះពានរង្វាន់ផ្សេងៗជាមួយក្លិប ៨មកហើយគិតមកដល់ពេលនេះ ច្រើនជាងអ្នកចាត់ការដទៃទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិបលេងនៅ La Liga មួយនេះ។
សមាជិកចំនួន ៤នាក់នៃបុគ្គលិកផ្នែកជំនួយការរបស់លោក Simeone ដែលមានលោក Oscar Ortega, Pablo Vercellone, Nelson Vivas និងលោក Hernan Bonvinvini ក៏បានបន្តកិច្ចសន្យារបស់ពួកគេរហូតដល់ឆ្នាំ២០២៤ ផងដែរ។
អតីតខ្សែបម្រើក្លិប Atletico លោក Simeone វ័យ៥១ឆ្នាំ បានដឹកនាំការបាន ៥២៧ប្រកួតនៅក្លិប Atletico Madrid ដោយទទួលបានជ័យជម្នះ ៦០ភាគរយ និងបរាជ័យ ១៦ភាគរយ៕