(អាមេរិក)៖ កម្មវិធីកម្សាន្តដ៏ល្បី និងពេញនិយម TikTok បានប្រកាសឱ្យដឹងថា ខ្លួននឹងចាប់ផ្ដើមអនុវត្តវិធានការថ្មីមួយទៀត ដោយ នឹងធ្វើ ការលុបចោលវីដេអូទាំងឡាយណាដែលបានបំពានគោលការណ៍ណែនាំរបស់ខ្លួន ដែលសកម្មភាពមួយនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការ រិះគន់យ៉ាងខ្លាំងទៅលើវីដេអូមួយចំនួនដែលបង្ហោះដោយគ្មានការត្រួតពិនិត្យ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ TikTok នឹង ចាប់ផ្ដើមធ្វើការត្រួតពិនិត្យទៅលើវីដេអូដែលបាន Upload ចូល ដោយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនក្នុងការត្រួតពិនិត្យមើល បើសិនជាវីដេអូដែលកំពុងតែ Upload នោះត្រូវបាន System រកឃើញថាបានរំលោភបំពានគោលការណ៍ នោះក្រុមការងារ (មនុស្ស) របស់ TikTok នឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យវីដេអូនោះដោយផ្ទាល់ ហើយបើសិនជារកឃើញថាបានបំពានមែន វីដេអូនោះនឹងត្រូវលុបចោលភ្លាមៗ ព្រមទាំងផ្ញើសារព្រមានដល់ម្ចាស់គណនី។

គោលការណ៍ណែនាំរបស់ TikTok ដែលចាត់ទុកថាបានបំពាននោះមានដូចជា វីដេអូអាក្រាតកាយ សកម្មភាព អំពើហឹង្សា ឬការរំលោភបំពានណាមួយលើកុមារ វីដេអូបង្ហាញពីសកម្មភាពផ្លូវភេទ ការប្រើប្រាស់អំពើហឹង្សា រួមនឹងសកម្មភាពខុសច្បាប់ផ្សេងៗ។

ជាមួយគ្នានេះផងដែរ TikTok បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងាររបស់ខ្លួនក៏បានចាប់ផ្ដើមការងារត្រួតពិនិត្យទៅលើវីដេអូទាំងឡាយ ណាដែលមានសកម្មភាពដូចជាការនិយាយបរិហាកេរ្តិ៍ សកម្មភាពសម្លុត សកម្មភាពបៀតបៀន ការផ្សព្វផ្សាយព័ត៌មានមិនពិត ឥរិយាបទ ស្អប់ខ្ពើម អំពើរើសអើង ជាដើម។

គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំនេះ Facebook ក៏បានពង្រឹងទៅលើសកម្មភាពទាំងប៉ុន្មានខាងលើនេះផងដែរ បន្ទាប់ពីមានមតិរិះគន់ និងការផាកពីន័យជាច្រើនលើកច្រើនសារមក៕