(ភ្នំពេញ)៖ ក្រោយសម្រេចក្ដីស្រមៃបង្កើតក្លិបបាល់ទាត់ផ្ទាល់ខ្លួន លោក ផៃ បរិញ្ញា អតីតកីឡាករយុវជន U-18 និង U-19 របស់ក្លិបបឹងកេត និងព្រះខ័នរាជស្វាយរៀងផងនោះ ស្ថាបនិកក្រុមបាល់ទាត់ក្នុងសាល Young Chester FC បានប្ដេជ្ញាខិតខំអភិវឌ្ឍ ហើយពង្រីកសក្ដានុពលខ្លួន ឲ្យក្លាយជាក្រុមមួយដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

ស្ថាបនិកក្រុមវ័យ ២៦ឆ្នាំរូបនេះបានបញ្ជាក់ថា ក្រុមខ្លួនបានបង្កើត ១០ឆ្នាំមកហើយដែលផ្ដើមចេញពីក្ដីស្រមៃ ឆន្ទៈ និងការស្រលាញ់របស់កីឡាករម្នាក់ៗ ដើម្បីចូលរួមការប្រកួតផ្សេងៗចាប់ពីការប្រកួតមិត្តភាពពាក់ពាក់កណ្ដាលអាជីព រហូតឈានដល់ការប្រកួតពានថ្នាក់ជាតិ។ ដំបូងឡើយក្រុមនេះលេងទីលានធំ ១១នាក់ស្មើ ទើបតែ ២-៣ឆ្នាំចុងក្រោយ ពួកគេបានវិវឌ្ឍន៍មកជាក្រុមក្នុងសាល និងបានប្រកួតជើងឯកលីគក្នុងសាលថ្នាក់ជាតិទៀតផង។

លោក ផៃ បរិញ្ញា បានបន្ដថា «គោលបំណងដែលខ្ញុំបង្កើតក្រុមនេះ ដោយសារតែស្រលាញ់ មានឆន្ទៈ និងក្ដីស្រមៃតាំងពីក្មេងមកថា ចង់មានក្រុមមួយខ្លួនឯង មានការប្រកួតប្រជែងមួយ ទោះបីពានក្នុងសាលក្តី។ យើងមិនទាន់រឹងដៃរឹងជើងក្នុងប្រទេស ប៉ុន្ដែខ្ញុំចង់ឲ្យមានការអភិវឌ្ឍឲ្យបានខ្លាំង ដើម្បីឲ្យគេបានដឹងថា ប្រទេសកម្ពុជាក៏មាន Futsal ដែរ»

ដោយឡែកពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រដឹកនាំក្រុម អតីតយុវជនក្លិបអាជីពរូបនេះបន្ថែមថា «ទាក់ទងនឹងយុទ្ធសាស្ដ្រដឹកនាំក្រុម ពីមុនខ្ញុំជាកីឡាករ ហើយឥឡូវយើងជាស្ថានិកក្លិប យើងនៅតែជំរុញក្រុមឲ្យខ្លាំងជាងមុន យើងនឹងធ្វើឲ្យក្រុមយើងឡើងទៅកម្រិតមួយទៀត ដែលអាចឲ្យគេទទួលស្គាល់ថា យើងជាក្រុមហ្វូតសាលមួយខ្លាំង មានទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ...។ ខ្ញុំចង់ឲ្យបរទេសដឹងថា យើងមានក្រុម Futsal មួយល្អ តាមរយៈការបណ្ដុះបណ្ដាលយុវជន...»

បច្ចុប្បន្នក្រុម Young Chester FC មានក្រុម ២កម្រិត គឺក្រុមធំ និងក្រុមយុវជន។ ក្រុមធំ គឺក្រុមបាល់ទាត់ក្នុងសាល ដែលពួកគេកំពុងធ្វើការហ្វឹកហាត់តាមផ្ទះ ហើយគ្រោងប្រមូលផ្ដុំ ក្រោយស្ងប់ស្ងាត់កូវីដ-១៩ ពិសេសលោក ផៃ បរិញ្ញា ក៏ត្រៀមនាំចូលកីឡាករបរទេស ដើម្បីពង្រឹងត្រៀមការប្រកួតជើងឯកលីគបាល់ទាត់ក្នុងសាលនារដូវកាលថ្មីខាងមុខ។ រីឯក្រុមយុវជនវិញកន្លងមក ក៏ធ្លាប់បានធ្វើការប្រកួតជាមួយក្រុមយុវជនក្លិបធំៗជាច្រើនផងដែរ ដូចជាវិសាខា និងភ្នំពេញក្រោនជាដើម៕