(រីយ៉ូ)៖ វាមានរយៈពេល ២៨ឆ្នាំមកហើយដែលក្រុមពពកសអាហ្សង់ទីន បានខកខានឈ្នះពានប្រចាំតំបន់អាមេរិកឡាទីន Copa America នេះ ដ្បិតខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi ពុំទាន់ឈ្នះពានធំណាមួយឡើយជាមួយជម្រើសជាតិ។

វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa America 2021 នាព្រឹកថ្ងៃស្អែកនេះ (ម៉ោងនៅកម្ពុជា) ជាយុទ្ធនាការធំលើកទី១០ ដែលកីឡាករវ័យ ៣៥ឆ្នាំ Messi លេងឲ្យជម្រើសជាតិអាហ្សង់ទីនដោយពុំទាន់ឈ្នះពានណាមួយឡើយ ក្រៅពីឈ្នះមេដាយមាសនៅកីឡាអូឡាំពិករដូវក្តៅ Olympic Games កាលឆ្នាំ២០០៨ នៅប្រទេសចិនជាមួយឈុតយុវជនប៉ុណ្ណោះ។

ការប្រកបអាជីពក្នុង FC Barcelona នៅលីគ La Liga របស់ប្រទេសអេស្ប៉ាញនោះ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនេះបានឈ្នះអស់ហើយរួមមាន La Liga ១០ដង និងពាន UEFA Champions League ៤ដងជាមួយក្លិបអ្នកមានបុណ្យ ក្រៅពីពានឯកត្តជន Ballon D’or បាន ៦ដងទៀត។

លើសពីនេះទៀត Messi នឹងត្រូវប្រឈមមុខជាមួយអតីតមិត្តរួកក្រុមនៅ Barcelona គឺខ្សែប្រយុទ្ធ Neymar ដែលបានផ្ទេរចេញពីទឹកដីអេស្ប៉ាញទៅកាលក្លិប Paris Saint-Germain របស់បារាំងក្នុងឆ្នាំ២០១៧ ទៀតផង ដ្បិតសាំបាប្រេស៊ីលជាក្រុមការពារតំណែងជើងឯក Copa America កាលឆ្នាំ២០១៩ ផងនោះ។

មុនផ្តាច់ព្រ័ត្រមកដល់រវាងអាហ្សង់ទីន និងប្រេស៊ីល កីឡាករខ្សែការពារ Marquinhos មកពី Paris ក៏បានថ្លែងប្រាប់ BBC ដែរថា «ពួកយើងនឹងព្យាយាមបញ្ឈប់ Messi ឲ្យបាន ដើម្បីការពារពាន Copa America ជាបន្តទៀត»

អាហ្សង់ទីន ពុំដែលបានឈ្នះពានណាមួយឡើយ ក្រោយឈ្នះជើងឯក Copa America កាលឆ្នាំ១៩៩៣ មក ដោយបានចាញ់ឈីលី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនៃពានប្រចាំតំបន់នេះ និងរងជើងឯក FIFA World Cup ម្តងគត់កាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះដូចគ្នា៕