(ពិភពលោក)៖ ស្របពេលដែលមនុស្សម្នាលើពិភពលោក កំពុងជក់ចិត្តនឹងព្រឹត្តិការណ៍បាល់ទាត់ Euro 2020 នៅតំបន់អឺរ៉ុប និងព្រឹត្តិការណ៍ Copa America 2021 នៅតំបន់អាមេរិកឡាទីន Fresh News Plus សូមចែករំលែកពីដើមកំណើតបាល់ទាត់ និងប្រិយភាពរបស់កីឡាប្រភេទនេះផងដែរ។ តើអ្នកដឹងទេ ហេតុអ្វីបានជាកីឡាបាល់ទាត់ ពេញនិយមខ្លាំងម្ល៉េះមកទល់បច្ចុប្បន?

ល្បែងមួយដែលពិភពលោកកំពុងហៅថា បាល់ទាត់ (Football ឬ Soccer នៅសហរដ្ឋអាមេរិក) បានចាប់ផ្តើមមានតាំងពី ២៥០០ឆ្នាំមុនគ្រិស្តរាជ នៅប្រទេសចិន ដែលចិនដាក់ឈ្មោះថា ឃូជូ (Cuju)។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាបាល់ទាត់ដែលយើងស្គាល់សព្វថ្ងៃនេះ មានប្រភពពីប្រទេសអង់គ្លេស។

ក្នុងឆ្នាំ១៨៤០ សមាគមបាល់ទាត់របស់អង់គ្លេស បានបង្កើតវិធានបាល់ទាត់ ហើយកីឡាបាល់ទាត់សម័យទំនើប ក៏បានបង្កើតឡើង។ សព្វថ្ងៃនេះ មានមនុស្សលើសពី ២០០លាននាក់ជុំវិញពិភលោកបានចូលរួមលេងកីឡាបាល់ទាត់ ដែលធ្វើឲ្យកីឡានេះក្លាយជាកីឡារបស់ពិភពលោកទាំងមូល។

នៅពេលមានសំណួរថា ហេតុអ្វីបានជាកីឡាបាល់ទាត់មានប្រជាប្រិយភាព? នេះប្រហែលមកពីវាបង្កើតមិត្តភាព។ នៅពេលលេងកីឡាបាល់ទាត់ អ្នកលេងមានអារម្មណ៍ថា ក្រុមដែលនៅលើទីលាន គឺជាក្រុមរបស់អ្នក ជ័យជម្នះរបស់ពួកគេ គឺជាជ័យជម្នះរបស់អ្នក ហើយបរាជ័យរបស់ពួកគេ គឺជាបរាជ័យរបស់អ្នក។

មានទស្សនៈខ្លះយល់ថា ប្រិយភាពរបស់បាល់ទាត់ កើតឡើងដោយសារតែគុណសម្បត្តិជាអន្តរជាតិរបស់វាតែម្តង។ នៅបណ្តាប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស អេស្ប៉ាញ និងប្រេស៊ីល ក្រុមធំៗមានកីឡាករជាច្រើនមកពីបណ្តាប្រទេសអន្តរជាតិ ហើយឥឡូវនេះ ក្លិបបាល់ទាត់ទាំងនេះ មានអ្នកគាំទ្រទូទាំងពិភពលោក។

មានទស្សនៈខ្លះទៀតយល់ថា កីឡាបាល់ទាត់ល្បីល្បាយដោយសារតែធ្វើឲ្យរកចំណូលបានច្រើន។ កីឡាករបាល់ទាត់មួយចំនួន ដូចជា Neymar មកពីប្រេស៊ីល និងកីឡាករ Victor Moses មកពីនីហ្សេរីយ៉ា សុទ្ធតែជាអ្នកធ្លាប់ក្រីក្រ ប៉ុន្តែសព្វថ្ងៃពួកគេរកចំណូលបានរាប់លានយូរ៉ូឯណោះ ជារៀងរាល់ឆ្នាំ។

កីឡាបាល់ទាត់អាចល្បីល្បាញដោយសារតែចំណុចដែលបានរៀបរាប់មកនេះ ប៉ុន្តែហេតុផលចម្បងដែលធ្វើឲ្យវាក្លាយជាទីចាប់អារម្មណ៍លក្ខណៈសកល គឺវាជាល្បែងដ៏សាមញ្ញមួយ។ អ្នកអាចលេងបាល់ទាត់បានគ្រប់កន្លែង ជាមួយនឹងអ្វីក៏បាន ដូចជាពេលខ្លះ គេឃើញការលេងបាល់ទាត់ដោយមានតែបាល់មួយ ខ្លះទាត់កំប៉ុង ខ្លះគេចងថង់រួមគ្នាក៏ទាត់បានដែរ ហើយនរណាក៏អាចលេងវាបានទៀតផង។

«មិនបាច់ទាល់តែជាអ្នកមានទេ ទើបអាចលេងបាល់ទាត់បាន» នេះជាការលើកឡើងរបស់អ្នកប្រវត្តិសាស្ត្រ Peter Alegi ដោយបន្ថែមថា «អ្នកគ្រាន់តែមានទីតាំងមួយ និងបាល់មួយ គឺអាចលេងកីឡាប្រភេទនេះបានហើយ»

* កីឡាបាល់ទាត់ ជានិមិត្តសញ្ញានៃការរួបរួមនៅទ្វីបអាហ្វ្រិក

នៅសតវត្សទី១៩ ការដាក់អាណានិគមរបស់ពួកអឺរ៉ុប ជាហេតុនាំឲ្យកីឡាបាល់ទាត់កើតឡើងនៅទ្វីបអាហ្វ្រិក។ ការប្រកួតដំបូងបានធ្វើឡើងនៅកំពង់ផែ Port Elizabeth និងនៅទីក្រុង Cape Town នៃអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៨៦២។ ពេលនោះហើយ ដែលបាល់ទាត់រីកសាយភាយទូទាំងទ្វីបតែម្តង។

សព្វថ្ងៃនេះ កីឡាករកំពូលៗមួយចំនួនរបស់ពិភពលោក មានដើមកំណើតនៅអាហ្វ្រិកដូចជា សេណេហ្កាល់, កូឌីវ័រ, ហ្គាណា និងនីហ្សេរីយ៉ាជាដើម។ ឥឡូវនេះដែរ ថ្នាលបណ្តុះបណ្តាលកីឡាករជាច្រើនបាននាំក្មេងៗដែលមកពីកន្លែងក្រីក្រ ដើម្បីចូលរួមលេងបាល់។ មានអ្នកខ្លះ ហាត់បាល់ទាត់ដោយជើងទទេរ ហើយពួកគេជំនាញខ្លាំងណាស់ដែរ ព្រមទាំងក្លាយជាអ្នកប្រកួតដែលមានទេពកោសល្យខ្ពស់។ ក្តីសុបិនរបស់ពួកគេ គឺចូលលេងឲ្យជម្រើសជាតិ ឬក៏បានលេងឲ្យក្លិបកំពូលៗនៅអឺរ៉ុបនៅថ្ងៃណាមួយ។ មានអ្នកខ្លះ ក្តីសុបិននោះបានក្លាយជាការពិត។

ប៉ុន្តែឱកាសរកប្រាក់ជាមួយក្លិបធំៗ មិនមែនជាហេតុផលដែលធ្វើឲ្យកីឡាបាល់ទាត់មានភាពពេញនិយមនៅអាហ្វ្រិកទេ។ «កីឡាបាល់ទាត់ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នានៅទីនេះ»។ នេះជាការលើកឡើងរបស់ Abubakari Abdul-Ganiyu គ្រូម្នាក់ដែលធ្វើការជាមួយក្លិបយុវជន ក្នុងទីក្រុងតាម៉ាល់ ប្រទេសហ្គាណា។

លោកបានបន្តថា «វាចងយើងឲ្យជាប់គ្នា។ ជាការពិត មិនមែនលើកទីមួយទេ គឺកីឡានេះបាននាំមនុស្សម្នាឲ្យរួបរួមគ្នា»។ ជាឧទាហរណ៍ នៅប្រទេសកូឌីវ័រ អ្នកអន្តោប្រវេសន៍ និងម៉ូស្លីមបានប្រឈមមុខនឹងការរើសអើងអស់ច្រើនឆ្នាំមកហើយ។ ឥឡូវនេះ អ្នកលេងកីឡាដ៏ល្អលំដាប់ប្រទេស គឺមកពីគ្រួសារម៉ូស្លីម និងអន្តោប្រវេសន៍។ ជាលទ្ធផល ជម្រើសជាតិក្លាយជានិមិត្តសញ្ញាមួយនៃការរួមគ្នា និងថែមទាំងជំរុញឲ្យមានសន្តិភាពទូទាំងប្រទេសទៀតផង។

នៅទូទាំងអាហ្វ្រិក កីឡាបាល់ទាត់មានប្រជាប្រិយភាពជាមួយសហគមន៍ ដោយសារហេតុផលផ្សេងទៀត។ វារក្សាឲ្យក្មេងប្រុសទាំងឡាយ គេចផុតពីទណ្ឌកម្មនៅសាលា។ «ក្លិបជាច្រើននៅក្រុងតាម៉ាល់ ប្រទេសហ្គាណាមិនអនុញ្ញាតឲ្យក្មេងប្រុសលេងបាល់ទេ បើគេមិនទៅសាលា»។ នេះជាការពន្យល់របស់ Abubakari។ លោកបន្តថា «យើងកំពុងព្យាយាមជួយក្មេងប្រុសៗ និងបង្កើតឲ្យពួកគេចេះមានទំនួលខុសត្រូវក្នុងសង្គម។ កីឡាបាល់ទាត់ជួយពួកយើង ហើយសម្រាប់ពួកយើង កីឡានេះជាឧបករណ៍ដែលផ្តល់ក្តីសង្ឃឹម»