(អឺរ៉ុប)៖ ចាប់តាំងពីបង្កើតមកនៅឆ្នាំ១៩៦០ ពានរង្វាន់ Euro បានរៀបចំ ១៥លើកមកហើយ។ ប្រទេសដែលបានលើកពាននេះច្រើនជាងគេ គឺអាល្លឺម៉ង់ និងអេស្ប៉ាញ សរុប ៣លើកដូចគ្នា។ តើអ្នកដឹងទេ ពានរង្វាន់ Euro បង្កើតឡើងពីអ្វី?

* មុននឹងរៀបរាប់ពីពានរង្វាន់ Euro យើងសូមបង្ហញពីប្រវត្តិនៃការកកើតឡើងរបស់ព្រឹត្តិការណ៍នេះបន្តិចសិន

ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship ឬហៅកាត់ថា Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ពោលគឺនៅក្រោយ World Cup បង្កើតឡើងបាន ៣០ឆ្នាំ ដែលមាន ៥៤ប្រទេសទូទាំងទ្វីប ធ្វើការប្រជែងគ្នារៀងរាល់ ៤ឆ្នាំម្តង។

ដូចគ្នានោះដែរ សហព័ន្ធគ្រប់គ្រងប្រចាំទ្វីប ហៅកាត់ថា UEFA (The Union of European Football Associations) ក៏ត្រូវបានបង្កើតដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៤ នៅក្រុង Basel ប្រទេសស្វីស ដែលមានទីស្នាក់ការកណ្តាលស្ថិតក្នុងទីក្រុង Nyon ។

Euro 1960 ដែលបង្កើតឡើងដំបូង មានតែ ៤ក្រុមប៉ុណ្ណោះ ចូលលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដែលមានសហភាពសូវៀតជាជើងឯកមុនគេ នៅពេលដែលយូហ្គោស្លាវី ជាជើងឯករង និងឆេកូស្លូវ៉ាគី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ស្របពេលម្ចាស់ផ្ទះបារាំង ជាប់ចំណាត់ថ្នាក់លេខ៤។

UEFA បានសម្រេចបន្ថែមក្រុមមានដល់ទៅ ៨ប្រទេស ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន Euro ក្រោយពីឆ្លងកាត់ការប្រកួតជម្រុះទាំង ៥៤ប្រទេសរួចមក និងនៅឆ្នាំ១៩៩៦ បន្ថែមឡើងដល់ ១៦ក្រុមចែកចេញជា ៤ពូល ខណៈឆ្នាំ២០១៦ បន្ថែមដល់ទៅ ២៤ក្រុម និងចែកចេញជា ៦ពូល ដែលមាន ៤ក្រុម ក្នុង ១ពូលៗ។

* ពានរង្វាន់ Euro ដំបូង

ពានរង្វាន់ដំបូងរបស់ Euro ក៏ប្រហាក់ប្រហែលនឹងពានបច្ចុប្បន្នដែរ តែវាមិនស្អាតទេ ហើយកាលនោះគេឲ្យឈ្មោះវាថា Henri Delaunay Cup គឺយកឈ្មោះតាមលោក Henri Delaunay ដែលជាមេគំនិតបង្កើតពានរង្វាន់នេះឡើង តាំងពីឆ្នាំ១៩២០។ គួរឲ្យស្តាយ ដែលលោកមិនអាចនៅឃើញព្រឹត្តិការណ៍ Euro ដែលបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ បានឡើយ ដោយសារមរណភាព។

Henri Delaunay Cup បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ១៩៦០ តែម្តង ដែលកាលណោះមានប្រទេស ៤ប៉ុណ្ណោះចូលរួមប្រកួតពានរង្វាន់ដ៏ធំ ប្រចាំទ្វីបអឺរ៉ុបមួយនេះ។

* ពានរង្វាន់ Euro ជំនាន់ថ្មី

ពានរង្វាន់ Euro ជំនាន់ថ្មី ក៏ត្រូវបានបង្កើតឡើងដោយផ្អែកលើពានដើមដែរ។ វាបង្កើតឡើងដោយប្រាក់ស្លឹងសុទ្ធ (sterling silver) និងមានកម្ពស់ ៦០សង់ទីម៉ែត្រ ពោលគឺខ្ពស់ជាពានជំនាន់ចាស់ ១៨សង់ទីម៉ែត្រ ហើយមានទម្ងន់ ៨គីឡូក្រាម ដែលមានន័យថា ធ្ងន់ជាងពានដំបូង ២គីឡូក្រាម។ គួរកត់សម្គាល់ថា ប្រាក់ស្លឹងសុទ្ធ គឺជាប្រាក់មួយប្រភេទដែលមានបរិមាណ ៩២.៥% និង ៧.៥% នៃលោហធាតុផ្សេងទៀត ដែលជាធម្មតាជាទង់ដែង។

មានភាពខុសគ្នាបន្តិចបន្តួច រវាងកំណែពានដើម និងពានបច្ចុប្បន្ន ដោយប្រាក់ស្លឹងសុទ្ធ ត្រូវបានបន្ថែមដើម្បីរក្សាពានឲ្យមានស្ថិរភាព។ លើសពីនេះ ឈ្មោះនៃប្រទេសដែលឈ្នះ ត្រូវបានគេឆ្លាក់ នៅផ្នែកខាងក្រោយនៃពានរង្វាន់៕