(ក្រុងឡុងដ៍)៖ ទីបំផុត! សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានសម្រេចពិន័យសហព័ន្ធបាល់ទាត់អង់គ្លេស ជាទឹកប្រាក់ជាង ៣៥,០០០ដុល្លារ (៣០,០០០អឺរ៉ូ) ករណីអ្នកគាំទ្របាញ់ភ្លើងពណ៌បៃតង ដាក់មុខអ្នកចាំទីដាណឺម៉ាក អំឡុងពេលអង់គ្លេសប្រកួតជាមួយដាណឺម៉ាក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Euro 2020 កាលពីរាត្រីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរាត្រីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

Kasper Schmeichel អ្នកចាំទីឲ្យជម្រើសជាតិដាណឺម៉ាក ត្រូវបានអ្នកគាំទ្រអង់គ្លេសបាញ់ភ្លើងពណ៌បៃតងដាក់ភ្នែក ពេលកីឡាករអង់គ្លេស Harry Kane ត្រៀមទាត់បាល់ពិន័យ ១១ម៉ែត្រ។ ទោះយ៉ាងនេះក្តី អ្នកចាំទីរូបនេះបានសង្គ្រោះបាល់នោះ មិនឲ្យចូលទីដាណឺម៉ាកបានឡើយ។

បើតាម CNN, នៅមានករណី ២ទៀត ដែលសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ពិន័យសហព័ន្ធបាល់ទាត់អង់គ្លេស គឺរឿងដែលអ្នកគាំទ្របង្កសំឡេងរំខាន ពេលគោរពទង់ជាតិដាណឺម៉ាក ដែលជាពេលវេលាគេត្រូវស្ងប់ស្ងាត់ និងករណីដែលអ្នកគាំទ្រដុតកាំជ្រួចផ្តេសផ្តាស ដែលពិភពលោកចាត់ទុកថា ជារឿងគួរឲ្យខ្មាសអៀន។

សូមជម្រាបថា ចំពោះការប្រកួតដ៏ស្វិតស្វាញខាងលើនេះ អង់គ្លេសបានយកឈ្នះដាណឺម៉ាកក្នុងលទ្ធផល ២ទល់នឹង១ ក្នុងនាទីបន្ថែម ១៥នាទី ចំនួន ២ដង ដើម្បីឡើងទៅជួបអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រប្រជែងយកពាន Euro 2020។ នេះជាពេលវេលាដែលតោកំណាចអង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានធំជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ជំនួបបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់ផ្ទះអង់គ្លេស បានរបូតគ្រាប់ទី១ ពីការស៊ុតបានសម្រេចរបស់កីឡាករ Mikkel Damsgaard នៅនាទី៣០ ដោយបាល់ពិន័យ free kick មុនពេលមិត្តរួមក្រុម Simon Kjaer ដែលជាប្រធានក្រុមផងនោះ បានធ្វេសប្រហែសចូលទីខ្លួនឯងនៅ ៩នាទីបន្ទាប់មុនបញ្ចប់វគ្គទី១ នៅមុខអ្នកទស្សនាជាង ៦ម៉ឹននាក់។

ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី នៅមុនពេលខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់ជ័យជម្នះដែលជាបាល់សល់ ក្រោយពីស៊ុតបាល់ ១១ម៉ែត្រមិនបានសម្រេចក្នុងនាទី១០៤ នៃម៉ោងថែម ១៥នាទី ២ដងនោះ។

ដូច្នេះអង់គ្លេសបានបញ្ចប់រយៈពេលរង់ចាំអស់ ៥៥ឆ្នាំ ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី ដែលត្រូវប៉ះអាសូរីអ៉ីតាលី ដែលបានទម្លាក់អតីតម្ចាស់ជើងឯកពាន Euro ៣សម័យកាលអេស្ប៉ាញដោយលទ្ធផល ៤-២ ដោយបាល់ ១១ម៉ែត្រ៕