(ភ្នំពេញ)៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៧ ចំនួន ៤គូហើយនៅល្ងាចថ្ងៃទី១០ ខែកក្កដានេះ ដោយក្រុមខ្លាំងៗ ៤ក្រុមរកបាន ៣ពិន្ទុពេញ រួមមានក្រុមវិសាខា បឹងកេត កងយោធពលខេមរភូមិន្ទ(ទ័ព) និងក្រុមព្រះខ័នរាជស្វាយរៀង។ ប៉ុន្ដែក្រៅពីវិសាខា បានយកឈ្នះគូប្រកួតយ៉ាងងាយ អមជាមួយការបង្កើតកំណត់ត្រាថ្មី ៣ ផ្ទុយពីក្រុម ៣ទៀត ដែលបានយកឈ្នះគូប្រកួតទាំងប្រផិតប្រផើយ។

សម្រាប់ក្រុមវិសាខា បានលត់ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ៩-០ នៅកីឡដ្ឋាន AEU Sport Park។ ៩គ្រាប់របស់ក្រុមសេះជំទង់នេះ រកបានដោយអតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber ៤គ្រាប់ (Hat-Trick) នៅនាទី១៨, នាទី៤៥+១, នាទី៥៦ និងនាទី៦២ ខណៈកីឡាករ Ajayi Opeyemi និង កែវ សុខផេង រកបានម្នាក់ ២គ្រាប់ គ្រាដែល ១គ្រាប់ទៀត ធ្វើសម្រេចដោយអតីតកីឡាករនគរបាលជាតិ ទិត ឌីណា។

ចំពោះកំណត់ត្រាកើតចេញពីជ័យជម្នះដ៏ជោគជាំនេះ ទី១-វិសាខា ក្លាយជាក្រុមយកឈ្នះគូប្រកួតច្រើនគ្រាប់ជាងគេ ក្នុងរដូវកាលថ្មី បន្ទាប់ពីពួកគេធ្លាប់ឈ្នះអគ្គិសនីកម្ពុជា ៧-០ និងក្រុមភ្នំពេញក្រោន ឈ្នះក្រុមសូលទីឡូអង្គរ ៧-១។ ទី២-Marcus Haber បានក្លាយជាកីឡាកររកបានស៊ុតបញ្ចូលទីច្រើនជាងគេក្នុង ១ប្រកួត ៤គ្រាប់ម្នាក់ឯង។ ទី៣-វិសាខា បានរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់(Clean Sheet) លើកដំបូង ក្នុងប្រវត្តិជួបគ្នា ៦លើកជាមួយក្រុមអាស៊ីអឺរ៉ុប។

ដោយឡែកក្រុមការពារតំណែងជើងឯកបឹងកេតវិញ បានយកឈ្នះក្រុមគិរីវង់ ១-០ នៅចុងម៉ោង។ ការប្រកួតដ៏កម្រ ដែលមាន ចាន់ វឌ្ឍនាកា, ម៉ាត់ នូរុណ និង សៀង ចន្ធា ចាប់ដៃគ្នាក្នុងតំបន់ប្រយុទ្ធ ក្នុងជម្រើស ១១នាក់ដំបូងនេះ ក្រុមម្ចាស់ផ្ទះបឹងកេត ស្ទើរតែចែកគ្នា ១ពិន្ទុជាមួយក្រុមភ្ញៀវគិរីវង់ លើទឹកដីខេមបូឌាអ៊ែរវ៉េទៅហើយ តែនៅនាទី៩០+៦ កីឡាករ ឱ ភារុណ ទាត់បាល់ក្រឡក បន្ទាប់ពីប៉ះបង្គោលទីបានសម្រេច ជួយឲ្យក្រុមនាគខៀវទទួលបាន ៣ពិន្ទុតែម្ដង។

រីឯក្រុមទ័ព បានយកឈ្នះខេត្តព្រៃវែង ២-១ នៅកីឡដ្ឋានខេត្តព្រៃវែង។ ការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះបានស៊ុតបំប៉ោងសំណាញ់ទីក្រុមលោក Lee Tae Hoon ១គ្រាប់មុន នៅនាទីទី២០ ដោយខ្សែបម្រើ Mirzaev Alisher តែសោកស្ដាយ ២នាទីបន្ទាប់ គីម សុបញ្ញា បានភ្លាត់ទាត់បាល់ចូលទីខ្លួនឯង (Own Goal) ធ្វើឲ្យកងយោធពលខេមរភូមិន្ទ តាមស្មើ ១-១ នៅវគ្គទី១ មុនក្រុមទ័ព រកបាន ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះ ដោយកីឡាករ ញាណ សុស៊ីដាន នៅនាទី៩០+២។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀងវិញ បានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ លើទឹកដីរបស់ខ្លួន។ ការប្រកួតក្រោមដំណក់ទឹកភ្លៀងនេះ ស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន នៅចុងវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Privat។ ប៉ុន្ដែចូលវគ្គទី២ បាន ៣នាទី សូលទីឡូអង្គរ ក៏បានតាមស្មើ ១-១ ពីការតែតបញ្ចូលទីដោយកីឡាករជប៉ុន Reo Kageyama នៅនាទី៤៨។ រហូតដល់នាទី៦៧ កីឡាករ Kobayashi Daisuke ក៏រកបានគ្រាប់ទី២ ឲ្យក្រុមម្ចាស់ផ្ទះ និងជាគ្រាប់បាល់ជ័យជម្នះតែម្ដង។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដាស្អែក នឹងមានជំនួបបង្គ្រប់សប្ដាហ៍ទី៧ ចំនួន ២ប្រកួតទៀត រួមមានក្រុមកំពូលតារាងអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះទទួលក្រុមអគ្កិសនីកម្ពុជា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ស្របពេលក្រុមមិនទាន់ស្គាល់ចាញ់ភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមមិនទាន់ស្គាល់ឈ្នះនគរបាលជាតិ នៅកីឡដ្ឋាន 7NG វេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា៕