(ឡុងដ៍)៖ ខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កីឡាករ Phil Foden មិនបានចូលរួម ក្នុងការហ្វឹកហាត់របស់ក្រុម នាថ្ងៃសៅរ៍នេះទេ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ European Championship របស់ពួកគេ ត្រូវតទល់ជាមួយនឹងក្រុមជម្រើសជាតិអ៉ីតាលី ដែលជាការប្រុងប្រយ័ត្នទុកជាមុន ដោយសារតែមានរបួសស្រាល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការបង្ហាញខ្លួន៣ប្រកួត ក្នុងព្រឹត្តិការណ៍ Euro, ចាប់ផ្តើមពីការប្រកួតបើកឆាក ជម្រុះក្នុងពូលរបស់អង់គ្លេស តទល់នឹងក្រូអាត និងស្កុតឡេន, និងបានដូរចូលជំនួស នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលឈ្នះ២-១ លើក្រុមដាណឺម៉ាក នាថ្ងៃពុធ។

ក្រុមជម្រើសជាតិអង់គ្លេស បានសរសេរនៅលើ Twitter ថា «កីឡាករចំនួន២៥នាក់ មិនបានចូលរួមនោះទេ សម្រាប់ការហ្វឹកហាត់នាព្រឹកនេះ ខណៈក្រុមបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការជួបជាមួយអ៉ីតាលី, ជាមួយនឹងកីឡាករ Phil Foden មិនបានចូលរួមនោះទេ ដោយសារតែបញ្ហារបួសស្រាល»។

ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអ៉ីតាលី ដែលដឹកនាំដោយលោក Roberto Mancini នៅឯពហុកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យស្អែកនេះ ដោយសម្លឹងរកការឈ្នះពានរង្វាន់ដ៏ធំ ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការប្រកួតបាល់ទាត់ World Cup ក្នុងឆ្នាំ១៩៦៦៕