(អង់គ្លេស)៖ ក្លិបបាល់ទាត់ Arsenal បានចុះកិច្ចសន្យាជាមួយ កីឡាករខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Nuno Tavares មកពីក្លិប Benfica លើកិច្ចសន្យារយៈពេលយូរ, នេះបើយោងតាមការបញ្ជាក់ ពីក្លិបដែលលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

Tavares វ័យ២១ឆ្នាំ បានបង្ហាញខ្លួន២៥ប្រកួត ឲ្យក្លិប Benfica ចាប់តាំងពីចូលរួមជាមួយក្លិប តាមរយៈសាលាបណ្តុះបណ្តាលយុវជនរបស់ក្លិប និងបានកាន់តំណែងជួរមុខ នៅក្នុងការប្រកួតលីគ Portuguese Super Cup ដោយយកជ័យជំនះលើក្រុម Sporting Lisbon កាលពីខែសីហា ឆ្នាំ២០១៩។

«គាត់គឺជាកីឡាករវ័យក្មេងម្នាក់ ជាមួយនឹងការប្តេជ្ញាដ៏អស្ចារ្យ ដែលបានអភិវឌ្ឍន៍ខ្លួនយ៉ាងល្អ នៅក្លិប Benfica ក្នុងរដូវកាលថ្មីៗនេះ ហើយគាត់ក៏បានបង្ហាញពីគុណភាពរបស់ខ្លួន តាមរយៈជាផ្នែកមួយ នៃក្រុមយុវជនអាយុក្រោម២១ឆ្នាំ របស់ព័រទុយហ្គាល់ផងដែរ», នេះបើតាមសម្តីអ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍។

សូមបញ្ជាក់ថា Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ នៅក្នុងលីគ Premier League កាលពីរដូវកាលមុន ហើយនឹងចាប់ផ្តើមយុទ្ធនាការ២០២១-២២របស់ពួកគេ នៅថ្ងៃទី១៣ ខែសីហាខាងមុខ៕