(រីយ៉ូ)៖ នៅទីបំផុតអាហ្សង់ទីន បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ២៨ឆ្នាំនៃការឈ្នះពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ហើយ នៅពេលយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។

នេះជាការឈ្នះពាន Copa America លើកទី១៥ របស់អាហ្សង់ទីនស្មើនឹងកំណត់ត្រារបស់អ៊ុយរ៉ាហ្គាយផងដែរ ដ្បិតពួកគេឈ្នះចុងក្រោយកាលឆ្នាំ១៩៩៣ និងជាពានធំទី១ ផងដែរសម្រាប់កីឡាករខ្សែប្រយុទ្ធ Lionel Messi ជាមួយក្រុមជម្រើសជាតិឈុតធំពពកសអាហ្សង់ទីន។

ខ្សែបម្រើប្រយុទ្ធមកពីក្លិបបារាំង Paris Saint-Germain, Angel Di Maria ជាអ្នករកបានគ្រាប់ជ័យជម្នះតាំងពីនាទី២១ ពីការបញ្ជូនរបស់មិត្តរួមក្រុម De Paul នៅក្នុងកីឡដ្ឋាន Estadio do Maracana នាថ្ងៃអាទិត្យនេះ។

ប្រេស៊ីល ដែលមាន Neymar ជាខ្សែប្រយុទ្ធសំខាន់នោះមិនអាចធ្វើអ្វីក្រុមភ្ញៀវអាហ្សង់ទីនបានឡើយ ដ្បិតមានអ្នកចាំទីដៃស្អិតគួរសម Emiliano Martinez ដែលត្រូវបានជ្រើសរើសចេញពីក្លិប Aston Villa នៃលីគកំពូលអង់គ្លេស Premier League ដែលបានផ្តល់ការខកចិត្តដល់ក្រុមការពារតំណែងជើងឯកសាំបាប្រេស៊ីលដែលព្យាយាមឈ្នះជើងឯកប្រចាំតំបន់អាមេរិកខាងត្បូងនេះជាលើកទី១០ របស់ពួកគេ ក្រោមការបង្វឹករបស់លោក Tite៕