(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Euro 2020 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយបានបញ្ចប់ការទន្ទឹងរង់ចាំ និងលាយឡំដោយការឈឺចាប់រាប់មិនអស់ក្នុងរយៈពេល ៥៥ឆ្នាំមកហើយ។

អង់គ្លេស ដែលមានរហស្សនាម តោកំណាច ឬតោ៣ អង់គ្លេសនោះ ធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រតែម្តងគត់ក្នុងកម្មវិធីធំៗទាំងឡាយ នោះគឺឈ្នះជើងឯក FIFA World Cup នៅឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួនដ៏អស់អស្ចារ្យ ក្រោយផ្តួលអាល្លឺម៉ង់ ៤-២ នៅវគ្គផ្តាច់ព្រ័ត្រក្នុងនាទីបន្ថែម ១៥នាទី ២ដង ស្ថិតក្រោមការបង្វឹករបស់លោក Sir Alf Ramsey ដែលជំនាន់ទី១៤ ជាមួយនឹង ២៦ប្រកួតសរុប។

គិតមកទល់នឹងនេះផងដែរ អង់គ្លេសបានទន្ទឹងរង់ចាំវគ្គផ្តាច់ព្រ័ត្រនេះមានរយៈពេល ៥៥ឆ្នាំគត់ ជាមួយនឹង ៣២ប្រកួត គ្រូបង្វឹកដែលបញ្ចប់តំណែង និងលាឈប់រាប់មិនអស់ទៀត ដែលស្មើនឹង ១៤០,០០០ម៉ាយឯណោះ។

ក្រុមជម្រើសជាតិដែលមានលីគ Premier League ល្បីជាងគេលើលោកនោះ ពុំដែលមានគ្រូបង្វឹកណាដឹកនាំអង់គ្លេសឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបនេះ បូករួមទាំងរងជើងឯកឡើយ ដ្បិតពាននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦០ ក៏ដោយ ទើបតែលោក Gareth Southgate តែម្នាក់ដែលជាអតីតគ្រូបង្វឹក U23 អង់គ្លេសដែលត្រូវបានតែងតាំងជំនួសកៅអី Sam Allardyce ដែលដឹកនាំបាន ១ប្រកួតរួចក៏លាឈប់។

បុរសសញ្ជាតិអង់គ្លេស ដែលធ្លាប់ជាកីឡាករខ្សែមប្រើប្រយុទ្ធក្រុមតោមួយនេះផងនោះ ត្រូវបានផ្តល់ទំនុកចិត្តដឹកនាំអង់គ្លេសកាលឆ្នាំ២០១៦ មក និងដឹកនាំក្រុមតោកំណាចមួយទៀតឈានដល់វគ្គ ៨ក្រុមចុងក្រោយកាលពី Euro 2016 មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី និងឈានដល់វគ្គផ្តាច់ព្រ័ត្រពាន UEFA Euro 2020 លើកទី១៦ នេះក្នុងចំណោម ៤៥ប្រកួតរបស់លោកច្រើនជាងគេបំផុតផងដែរ។

ក្រោយឈ្នះពានធំ World Cup នៅឆ្នាំ១៩៦៦ មក អង់គ្លេសបានឆ្លងផុតវគ្គចែកពូលទាំងនៅ World Cup និង UEFA European Championship ចំនួន ១៤លើកដែលស្មើនឹង ៥០ភាគរយបើប្រៀបធៀបទៅនឹងអាល្លឺម៉ង់ដែលគេចចេញពីជ្រុះក្នុងពូលបាន ២០ដង ស្មើនឹង ៧១.៤៥ភាគរយ។

គិតមកទល់នឹងនេះផងដែរ Wayne Rooney នៅតែជាអ្នកនាំមុខគេក្នុងការរកបានច្រើនគ្រាប់ជាងគេឲ្យអង់គ្លេស តាមពីក្រោយដោយ Harry Kane ដែលរកបានគ្រាប់ជ័យជម្នះក្នុងម៉ោងថែម ១៥នាទី ២ដងនាយប់មិញ ដើម្បីនាំក្រុមតោឡើងទៅប៉ះអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រនាចុងសប្តាហ៍នេះ។ អ្នកបន្តបន្ទាប់គឺកីឡាករ Michael Owen, Gary Lineker, Alan Shearer, Frank Lampard, Raheem Sterling, Steven Gerrad, Bryan Robson និង Jamain Defoe៕