(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្នមានសកម្មភាពមួយចំនួន ដែលបង្ហាញអំពីការរារាំងការអនុវត្តច្បាប់ ដែលត្រូវបានប្រព្រឹត្តឡើងដោយមន្រ្តីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិតាមរយៈការបោះឆ្នោតជាដើម។ សកម្មភាពបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់ ក៏ដូចជាប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ ដែលនេះគឺជាសកម្មភាពមួយត្រូវបានគេចាត់ទុកថាជាការរំលោភអំណាច ដោយនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងលម្អិតអំពីសញ្ញាណនៃការរំលោភអំណាចនេះ ក៏ដូចជាការទទួលខុសត្រូវរបស់ជនល្មើសផងដែរ។

តើការរំលោភអំណាច គឺជាអ្វី ហើយអ្នកដែលប្រព្រឹត្ត បទល្មើសមួយនេះនឹងត្រូវទទួលរងនូវទណ្ឌកម្មបែបណាពីច្បាប់? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «ការរំលោភអំណាច» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងនិស្សិតដូចខាងក្រោម៖

សញ្ញាណនៃការរំលោភអំណាច ត្រូវបានកំណត់នៅក្នុងមាត្រា៥៨៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា «បទចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ និង ស្ថានទម្ងន់ទោស» ដែលបានចែងថា អំពើប្រព្រឹត្ដដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្ដិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការសម្រាប់រារាំងការអនុវត្ដច្បាប់ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ប្រសិនបើ បទល្មើសនេះសម្ដែងចេញជាលទ្ធផល។

ឧទាហរណ៍៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្ត កកក បានចុះធ្វើការអនុវត្តដីការក្សាការពារលេខៈ ០០១ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ របស់សាលាដំបូងខេត្ត កកក។ ប៉ុន្តែដោយសារតែកូនបំណុលនៃការអនុវត្ត ជាប្អូនរបស់លោក គ ដែលមានតួនាទីជាមន្រ្តីជាន់ខ្ពស់មួយរូប ដូច្នេះកូនបំណុលនៃការអនុវត្តក៏បានសុំឱ្យ លោក គ ជួយបញ្ឈប់ការអនុវត្តនៅពេលដែលតំណាងអយ្យការចុះទៅអនុវត្តនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បន្ទាប់មក លោក គ ក៏បានយល់ព្រមជួយ។ នៅថ្ងៃអនុវត្តមកដល់ មន្រ្តីជាន់ខ្ពស់រូបនោះបានចុះទៅរារាំងការអនុវត្ត និងបញ្ជាឱ្យតំណាងអយ្យការបញ្ឈប់ការអនុវត្តនៅនឹងកន្លែងអនុវត្តនោះ។ ដូច្នេះការរារាំងរបស់មន្រ្តីជាន់ខ្ពស់រូបនោះ គឺជាការរារាំងដោយខុសច្បាប់ ដែលគាត់អាងខ្លួនជាមន្រ្តីមួយរូបដែលមានឋានៈខ្ពស់ ប៉ុន្តែបែរជាចុះទៅរារាំងការអនុវត្ត របស់តំណាងអយ្យការ ដែលជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលាក្នុងការបំពេញភារកិច្ចតាមច្បាប់កំណត់ទៅវិញ។

សរុបមក រាល់សកម្មភាពដែលធ្វើការរារាំងការអនុវត្តច្បាប់ ដោយកើតចេញឡើង ពីមន្ត្រីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិតាមរយៈការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារនោះ គឺជាសកម្មភាពរំលោភអំណាច ល្មើសច្បាប់ ដែលមានចែងនៅក្នុងមាត្រា៥៨៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក រៀម គឹមឡេង ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.