(ក្រុងឡុងដ៍)៖ ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ធ្លាប់បំបាក់ក្រុមតោ៣ អង់គ្លេសចំនួន ២លើកមកហើយក្នុងពានអឺរ៉ុប UEFA European Championship ពីប្រវត្តិជួបគ្នាសរុុប ២៧លើក មុនប៉ះគ្នាជាថ្មីនៃវគ្គផ្តាច់ព្រ័ត្រនារាត្រីនេះដណ្តើមពាន Euro 2020 នារាត្រីម៉ោង ០២៖០០នាទីអាធ្រាត្រឆ្លងចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

អ៉ីតាលីដែលធ្លាប់ឈ្នះពាន Euro នេះតែម្តងគត់កាលឆ្នាំ១៩៦៨ នោះ ពុំដែលលេងចាញ់អង់គ្លេសរាល់ពេលជួបគ្នានៅពានអឺរ៉ុបនេះ និងឈ្នះសរុបមានដល់ទៅ ១១លើក ក្រៅពីចាញ់ និងស្មើក្រុមតោកំណាចមានតែ ៨លើកដូចគ្នានៅមុនពេលប៉ះគ្នាជាថ្មីយប់នេះនាកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

អ៉ីតាលី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ដងក្នុងចំណោម Euro ៣សម័យកាលចុងក្រោយនេះ នៅពួកគេបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយកាលពី Euro 2016 នៅប្រទេសបារាំង និងចាញ់អេស្ប៉ាញ ៤-០ នៅវគ្គផ្តាច់ព្រ័ត្រកាល Euro 2012 ក្នុងនាមជាក្រុមដែលធ្លាប់លើពាន FIFA World Cup បានចំនួន ៤លើកស្មើនឹងអាល្លឺម៉ង់ដែរ គ្រាដែលក្រុមតោកំណាចអង់គ្លេស មិនទាន់ស្គាល់ការកាន់ពាន Euro នោះទេ។

នេះជាការឡើងមកវគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ក្រុមអីតាលី គ្រាដែលការប៉ះជាមួយក្រុមអង់គ្លេសនៅពានរង្វាន់ Euro ចំនួន ២លើកមិនទាន់លេងចាញ់ក្រុមអង់គ្លេសនោះទេកាលពីឆ្នាំ១៩៨០ យកឈ្នះ ១-០ និងឆ្នាំ២០១២ យកឈ្នះដោយការស៊ុតបាល់ ១១ម៉ែត្រក្នុងលទ្ធផល ៤-២។

អ៉ីតាលី បានខកខានឈ្នះពានអឺរ៉ុបនេះចាប់តាំងពីឆ្នាំ១៩៦៨ ជាពេលដែលបានលើកពាន Euro នេះ និងរងជើងឯកឆ្នាំ២០០០ និងឆ្នាំ២០១២ ក្នុងការព្យាយាមឡើងមកវគ្គផ្តាច់ព្រ័ត្រសារជាថ្មីដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Roberto Mancini ហើយការប៉ះគ្នា ២លើកចុងក្រោយ ២០១៥ និងឆ្នាំ២០១៨ បានត្រឹមស្មើគ្នាប៉ុណ្ណោះ ខណៈដែលការជួបគ្នា ៦លើកនៅពានកម្រិតពិភពលោក World Cup ជាលទ្ធផលក្រុមអ៉ីតាលី រកបានជ័យជម្នះ ៤ដង ក្រៅពីស្មើ១ ចាញ់ ១ដង៕