(តូក្យូ)៖ លោក Toshiro Muto នាយកប្រតិបត្តិប្រចាំព្រឹត្តិការណ៍ Tokyo Olympic Games 2020 បានថ្លែងក្នុងសន្និសីទនាថ្ងៃទី០៩ ខែកក្កដាថា ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុនលើកនេះ នឹងផ្តល់គំរូមួយសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៅក្នុងអំឡុងវិបត្តិ COVID-19 រាតត្បាត ដែលបានបង្ខំចិត្តមិនឲ្យអ្នកគាំទ្រមកពីនាយសមុទ្រចូលរួមផងនោះ។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

លោកថា «នេះគឺជាយុទ្ធនាការអូឡាំពិកលើកដំបូងដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយទីក្រុងTokyo នឹងផ្តល់នូវគំរូមួយសម្រាប់រៀបចំក្នុងពេលវេលាដ៏លំបាកនេះ។ អត្តពលិកនឹងត្រូវប្រកួតប្រជែងនៅតែនឹងមុខមន្រ្តី និងអ្នកសារព័ត៌មានអូឡាំពិកតែប៉ុណ្ណោះ ដោយគ្មានអ្នកគាំទ្រ»

ករណីឆ្លងឥតឈប់ឈរនៃ COVID-19 បានបង្ខំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ប្រកាសដាក់ភាពអាសន្នក្នុងរដ្ឋធានី Tokyo ជាបន្តទៀត ពោលគឺរហូតដល់ចប់ Olympic Games 2020 តែម្តង និងការប្រកួតផ្សេងៗទៀតនៅក្រៅទីក្រុងតូក្យូ នឹងប្រព្រឹត្តទៅដោយគ្មានអ្នកទស្សនាផងដែរ។

ដូចគ្នានោះដែរ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តី លោក Katsunobu Kato ក៏បានជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះក្នុងអំឡុងពេល Olympic នឹងស្នើសុំឲ្យប្រជាជនគាំទ្រអត្តពលិកពីផ្ទះទៀតផង៕