(ភ្នំពេញ)៖ ជំងឺឫសដូងបាត គឺជាជំងឺដែលបង្កឡើងដោយការឡើងប៉ោងនៃសរសៃឈាមឫសដូងបាតនៅនឹងបរិវេណរន្ធបាតខាងក្នុង។ វាស្តែងជាសញ្ញាមួយចំនួនដែលរំខានដល់ការបន្ទោបង់ប្រចាំថ្ងៃ។

រោគសញ្ញាបានស្ដែងឡើងមកបីយ៉ាង រួមមាន៖ ការធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់, ការធ្លាក់លានចេញក្រៅនៃសរសៃឈាមឫសដូង, ការឈឺណែននៅនឹងរន្ធបាតជាដើម។

ជាទូទៅជំងឺឫសដូងបាតក្នុងចែកជា៤កម្រិត៖
*កម្រិតទី៖ ការប៉ោងដុំសរសៃឈាមឫសដូងបាតនៅផ្នែកខាងក្នុង
*កម្រិតទី២៖ ការលានធ្លាក់ឫសដូងបាតចេញពេលបន្ទោបង់ រួចចូលទៅវិញដោយខ្លួនឯង
*កម្រិតទី៣៖ ការលានធ្លាក់ឫសដូងបាតចេញពេលបន្ទោបង់ តម្រូវការរុញចូលវិញដោយដៃ
*កម្រិតទី៤៖ ការលានធ្លាក់ឫសដូងបាតចេញក្រៅជាប់រហូតមិនអាចរុញបញ្ចូលវិញបាន

ការព្យាបាលជំងឺឫសដូងបាតអាស្រ័យទៅនឹងដំណាក់កាលរបស់វា ដែលរួមមានការផ្លាស់ប្តូរទំលាប់រស់នៅប្រចាំថ្ងៃ ការព្យាបាលដោយថ្នាំ ការចង និងការវះកាត់ផ្សេងៗ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គឹម សុធារ៉ា ឯកទេសឬសដូងបាត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះថា ការព្យាបាលជំងឺឫសដូងបាត មានច្រើនជម្រើស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការព្យាបាលវះកាត់ បន្ថែមពីការវះកាត់ធម្មតាដោយការកាត់ដុំសរសៃឈាមឫសដូងបាត ដែលប៉ោងចេញ ក៏មានការវះកាត់ដោយបច្ចេកវិជ្ជាទំនើបផ្សេងៗ ដែលជាការវះកាត់ដោយគ្មានមុខរបួស ដូចជាការចងសរសៃឈាមអាទែឫសដូងបាត ដោយម៉ាស៊ីនអេកូសរសៃឈាម (Doppler-guided hemorrhoidal artery ligation) និងការវះកាត់ដោយម៉ាស៊ីនឡាស៊ែរ (Hemorrhoidal LASER Procedure)។

ការវះកាត់តាមបច្ចេកវិជ្ជាថ្មីទាំងពីរនេះ មានប្រសិទ្ធភាពខ្ពស់ទៅតាមកម្រិតនៃជំងឺឫសដូងបាត ហើយវាមានអត្ថប្រយោជន៍សំខាន់ៗរួមមាន៖
*ការវះកាត់សឹងតែមិនមានរបួសស្នាម និងការហូរឈាមក្រោយការវះកាត់
*ការឈឺចាប់តិចតួចបំផុតក្រោយការវះកាត់
*មិនមានរបួសដែលត្រូវសម្រាកថែទាំនៅផ្ទះ។

ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត គឹម សុធារ៉ា បានគូសបញ្ជាក់ទៀតថា ក្រោយការព្យាបាលដោយវះកាត់នេះរួចហើយ អ្នកជំងឺមានសុខភាពល្អធម្មតា និងអាចត្រលប់ទៅធ្វើការក្នុងថ្ងៃបន្ទាប់ ដោយមិនផលរំខានឡើយ៕