(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី ១រូបគឺកីឡាករសញ្ជាតិប្រេស៊ីល Cristian Alex មកពង្រឹងក្រុមនៅជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។ វិសាខា គឺជាក្លិបដំបូងគេដែលបាននាំចូលសមាជិកថ្មី មុនបើកទីផ្សារដោះដូរកីឡាករជើងទី២ ចាប់ពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

ក្រុមទើបយកឈ្នះអាស៊ីអឺរ៉ុប ៩-០ កាលពីម្សិលមិញនេះបានបញ្ជាក់លើគេហទំព័រផ្លូវការរបស់ខ្លួនថា «បច្ចុប្បន្ន Cristian Alex មានវ័យ ២៧ឆ្នាំ ដែលជាកីឡាករដ៏មានបទពិសោធជោគជាំលើទីលាន ដោយធ្លាប់លេងនៅអឺរ៉ុប និងអាស៊ី។ ខ្សែប្រយុទ្ធចំណូលថ្មីរូបនេះបានផ្ដើមអាជីពដំបូងជាមួយក្លិប Cruzeiro Esporte Clube នៃលីគយុវជននៅប្រទេសប្រេស៊ីលកាលពីឆ្នាំ២០០៨-២០១៥ តែចន្លោះឆ្នាំ២០១៣-២០១៤ បានផ្ទេរមកលេងនៅក្លិបថៃ Phuket FC ក្រោមលក្ខខណ្ឌខ្ចីជើង មុនត្រឡប់ទៅក្លិប Cruzeiro Esporte Clube វិញ»

នៅឆ្នាំ២០១៥ Cristian Alex បានផ្លាស់ប្ដូរបទពិសោធថ្មីមួយទៀត ដោយផ្ទេរទៅលេងឲ្យក្លិប Club Sport Marítimo ក្នុងក្របខណ្ឌ Top League នៅប្រទេសព័រទុយហ្គាល់ មុនបន្ដផ្ទេរទៅលេងឲ្យក្លិប Stumbras FC ក្នុងក្របខណ្ឌ Top League នៅប្រទេសលីទុយអានីនៅឆ្នាំ២០១៦។ ចូលឆ្នាំ២០១៧ Cristian Alex បានផ្លាស់មកប្រកបអាជីពនៅតំបន់អាស៊ីជាថ្មី ដោយចូលរួមជាមួយក្លិប Gifu FC នៃលីគទី២ ជប៉ុន។

ប៉ុន្ដែរយៈពេលជាង ៣រដូវកាលចុងក្រោយនេះ Cristian Alex បានត្រឡប់មកប្រកបអាជីពនៅប្រទេសថៃវិញ ដោយឆ្នាំ២០១៨ គេបានលេងឲ្យក្លិប Chiangmai FC និងឆ្នាំ២០១៩ លេងឲ្យក្លិប Khonkaen FC (ក្រោមលក្ខខណ្ឌខ្ចីជើង) និងចុងក្រោយ Alex បានចូលរួមជាមួយក្លិប Songkhla FC ក្នុងរដូវកាលឆ្នាំ២០២០-២០២១ មុនផ្ទេរមកក្លិបកីឡាបាល់ទាត់វិសាខានាពេលនេះ។

ការស្វាគមន៍ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល មកកាន់កីឡដ្ឋានព្រីនស៍នេះ វិសាខាបានបង្ហាញនូវសុទិដ្ឋិនិយម នឹងមានការប្រកួតប្រជែងថ្មីមួយកម្រិតទៀត ដើម្បីជួយក្រុមស្វែងរកភាពជោគជ័យលើកដំបូងក្នុងលីគ ស្របពេលបច្ចុប្បន្នពួកគេកំពុងឈរលេខរៀង Top-4 បណ្ដោះអាសន្ន ដោយរកបាន ១២ពិន្ទុ ជាមួយកំណត់ត្រា ៦ប្រកួត ឈ្នះ ៣ និងស្មើ ៣ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ៕