(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំនៃចក្រភពអង់គ្លេសគ្រប់រូបបានផ្ញើសារជូនពរដល់ក្រុមជម្រើសជាតិអង់គ្លេសមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ម៉ោង ០២៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ឲ្យទទួលបានជោគជ័យទៅលើគូប្រជែងអ៉ីតាលី ដើម្បីគ្រប់គ្រងពានប្រចាំទ្វីបអឺរ៉ុបនេះជាលើកដំបូងប្រវត្តិសាស្រ្ត។

នៅក្នុងសារលិខិតរបស់ម្ចាស់ក្សត្រីដែលត្រូវបានដកស្រង់ចេញផ្សាយដោយ CNN នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ បានកោតសរសើរចំពោះស្មារតីការប្តេជ្ញាចិត្ត និងមោទនភាពរបស់ក្រុមនាពេលបច្ចុប្បន្ន និងសូមលើកទឹកចិត្តដល់ប្រទេសទាំងមូល។

លោកស្រីបានបញ្ជាក់ថា «កាលពី ៥៥ឆ្នាំមុន ខ្ញុំមានសំណាងដែលបានបង្ហាញខ្លូនក្នុងការប្រកួតបាល់ទាត់ពិភពលោកដល់លោក Bobby Moore ហើយបានឃើញអត្ថន័យរបស់កីឡាករទាំងការគ្រប់គ្រង និងបុគ្គលិក ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំមួយ។ ខ្ញុំចង់ផ្ញើសារអបអរសាទរ និងក្រុមគ្រួសារខ្ញុំទៅកាន់អ្នកទាំងអស់គ្នាដែលឈានដល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប ហើយក៏សូមជូនពរឲ្យថ្ងៃស្អែកប្រកបដោយសង្ឃឹមថា ប្រវត្តិសាស្ត្រនឹងកត់ត្រាមិនត្រឹមតែជោគជ័យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីការប្តេជ្ញា និងមោទនភាពទៀតផង»

ដូចគ្នានោះដែរ ព្រះអង្គម្ចាស់ Williams ដែលជាប្រធានកិត្តិយសនៃសមាគមកីឡាបាល់ទាត់អង់គ្លេស FA ផងនោះក៏បានជំរុញឲ្យក្រុមនាំយកពាន Euro 2020 មកផ្ទះវិញ ហើយបាននិយាយថា ក្រុមបានបង្ហាញថា ប្រទេសអង់គ្លេសល្អបំផុតនាពេលនេះ។

លោក Gareth Southgate នឹងដឹកនាំកូនក្រុមលេងទល់នឹងអ៉ីតាលីនៅកីឡដ្ឋាន Wembley នាម៉ោង ០២៖០០នាទីឈានចូលព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នៃវគ្គផ្តាច់ព្រ័ត្រដែលគេរំពឹងថា នឹងមានអ្នកទស្សនាពេញទីលានចូលរួមផងដែរ។

ចំណែកឯនៅក្នុងសារលិខិតរបស់លោក Boris Johnson វិញក៏បានសរសេរដែរថា «ពួកគេត្រូវបានកត់ចូលក្នុងប្រវត្តិសាស្រ្តរួចហើយ នៅពេលអង់គ្លេសបានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតអន្តរជាតិដ៏ធំជាលើកដំបូងក្នុងរយៈពេល ៥៥ឆ្នាំ។ អ្នកបានបង្កើតក្រុមបងប្អូនដែលមានថាមពល ពោរពេញដោយភាពស្វាហាប់ និងការធ្វើការជាក្រុមដោយមានលក្ខណៈប្លែក មើលទៅដូចជាភ្លឺចិញ្ចាចនៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើនាពេលនេះ។ អ្នកបានលើកទឹកចិត្តប្រទេសទាំងមូល ហើយថ្ងៃស្អែក យើងដឹងថាអ្នកអាចលើកពានរង្វាន់នោះបានដែរ»