(ភ្នំពេញ)៖ សព្វថ្ងៃនេះក្រោយពីប្រទេសថៃ បានលួចចម្លងប្លង់រចនាបថប្រាសាទអង្គរវត្ត ហើយសាងសង់នៅវត្ដពុទ្ធបាទសិលាភូម៉ានហ្វា ភូមិណងបួរ៉ាយ ឃុំបានសិង្ហ ស្រុកណាងរ៉ង ខេត្តបុរីរម្យ ដោយធ្វើពីថ្មភក់ នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង និងបន្ទាប់ពីការផ្ទុះឆេះរោងចក្រគីមីដ៏ធំមួយកាលពីពេលថ្មីៗនេះ ស្ថិតក្នុងខេត្ដស:មុតប្រាកានមក គឺបានធ្វើឲ្យមហាជនខ្មែរ ក៏ដូចប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ ព្រមទំាងអ្នកលេងបណ្ដាញសង្គមហ្វេកប៊ុក បានផ្ទុះប្រតិកម្មថា ចំពោះទង្វើរបស់ថៃដែលបានលួចចម្លងរចនាបថអង្គរយកទៅក្រទ្បៃនេះ គឺអាចជាបណ្ដាសាពីព្រះឥន្រ្ទាធិរាជ និងពីបុព្វបុរសខ្មែរ។
តើថៃចម្លងប្លង់ប្រាសាទអង្គរវត្ដយកទៅកាទ្បៃរចនាបថ នឹងការផ្ទុះឆេះរោងចក្រគីមីគឺអាចជាបណ្ដាសាពីព្រះឥន្រ្ទាធិរាជ និងពីបុព្វបុរសខ្មែរឬយ៉ាងណា ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ពេលនេះបើនិយាយពីការដែលថៃ បានលួចចម្លងប្លង់រចនាបថអង្គរ ដែលជាអត្តសញ្ញាណជាតិខ្មែរ ជាមរតកមនុស្សជាតិ យកទៅកាទ្បៃហើយកំពុងសាងសង់ដោយប្រសិទ្ធនាមថា ប្រាសាទសីហនគរ និងការផ្ទុះឆេះរោងចក្រគីមីដ៏ធំមួយកាលពីពេលថ្មីៗនេះ គឺអាចជាបណ្ដាសាពីព្រះឥន្រ្ទាធិរាជនិងពីបុព្វបុរសខ្មែរ។
ចំពោះបណ្ដាសា និងពរជ័យនេះ យើងឃើញសិលាចារិកសម័យកណ្ដាលពីស.វ.ទី១៥ ដល់ទី១៨យ៉ាងអស្ចារ្យថា បើជនណាបានលួចយករបស់របរទំាងនេះ សូមឲ្យត្រូវរន្ទះបាញ់ ហើយព្រះពុទ្ធ រំលាយទៅជាគ្រាប់ខ្សាច់ កុំឲ្យមានព្រះអង្គណាប្រោសអ្នកនោះបានទ្បើយ សូមឲ្យចុះទៅឋាននរកកុំបីចាប់ជាតិជារៀងរហូត។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះប្រាសាទអង្គរកសាងទ្បើងនៅ ស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ពីឆ្នំា១១១៣-១១៥២ ព្រះអង្គបានកសាងប្រាសាទនេះទ្បើង សម្រាប់ឧទ្ទិសចំពោះព្រហ្មមញ្ញសាសនា និងបង្កប់នូវព្រះពុទ្ធសាសនាខ្លះៗផងដែរ។ ពីព្រោះសម័យបុរាណព្រះរាជាទ្រង់សណ្ដោសជានិច្ចចំពោះ អ្នកកាន់គោរពពុទ្ធសាសនា ព្រោះយើងឃើញមានពុទ្ធបដិមាជាច្រើនអង្គស្ថិតក្នុងរចនាបថអង្គរផងដែរ។
រហូតក្រោយមក មានការគោរពប្រតិបត្ដិជំនឿដ៏មុតមំាទៅលើព្រះពុទ្ធសាសនា។ ក្នុងនោះចំពោះការធ្វើបុណ្យមនុស្សសម័យមុនមិនខុសសម័យនេះទេ ព្រោះបើអ្នកណាធ្វើអំពើល្អគេនឹងបានទទួលនូវផលអានិសង្សជាតិខាងមុខ ប៉ុន្ដែអ្វីប្លែកពីសម័យនេះគឺការដាក់បណ្ដាសា។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បានសង្កត់ធ្ងន់ថាចំពោះថៃ ដែលបានបដិសេធយ៉ាងដាច់អហិង្សាថា ពុំបានលួចចម្លងប្លង់អង្គរវត្ដឬយ៉ាងណាយ៉ាងណីនោះ គឺជាទម្លាប់របស់ថៃទៅហើយដែលបានលួចចម្លងទាក់ទងទៅនឹងប្រវត្ដិសិល្ប:ខ្មែរយកទៅកាទ្បៃបន្ដិចបន្ដួចតំាងពីដើមរៀងមក។
បើហេតុនេះចំពោះករណីថៃលួចចម្លងរចនាបថប្រាសាទអង្គរវត្ដនាពេលនេះទៀតសោត គឺមិនខុសពីប្រវត្ដិសិល្ប:ខ្មែរមុនៗនោះទេ គឺថៃបានយកទៅកាទ្បៃបន្ដិចបន្ដិចប៉ុណ្ណោះ ជាហេតុនំាឲ្យប៉ះពាល់ដល់គុណតម្លៃសិល្ប:ស្ថាបត្យកម្មខ្មែរ។ ពីព្រោះអង្គរវត្ដជាកន្លែងដ៏ពិសិដ្ឋដែលមនុស្សគ្រប់ជំនាន់គោរពស្រទ្បាញ់ កោតសសើរស្ញប់ស្ញែងចំពោះស្នាដៃបុព្វបុរសដូនតាខ្លួនតំាងពីបុរាណកាលរៀងមក។ បើទោះបីជាអំណាច និងអានុភាពនៃកម្ពុជាចុះថយយ៉ាងណាក៏ដោយ ក៏ប្រាសាទអង្គរនៅជានិមិត្ដបេះដូងខ្មែរជានិច្ច។ មិនតែប៉ុណ្ណោះអង្គរវត្ដឈានចូលកាន់តែច្បាស់ទ្បើងជាស្មារតីជាតិនិយមនិងជានិមិត្ដរូបនៃខ្មែរ។
បើពោលមកដល់បច្ចុប្បន្នឃើញថា ទង់ជាតិដែលរបបផ្សេងៗ ក្នុងប៉ុន្មានទសវត្សរ៍នេះប្រកាន់យកគឺសុទ្ធសឹងតែមានប្រាសាទអង្គរជាជំហរ។ បង្ហាញពីវីរភាពនៃបុព្វបុរសខ្មែរទុកជាតម្លៃអត្ដសញ្ញាណជាតិ និងមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ ហើយថែមទំាងបង្កើតនូវភ្លេងជាតិដែលទាក់ទង់ទៅ និងប្រាសាទបុរាណនេះថែមទៀត ពិសេសបោះពុម្ពលើរូបិយវត្ថុផងដែរ៕