(ក្រុងឡុងដ៍)៖ កាំជ្រួចជាច្រើនដើមត្រូវគេឃើញថា បានដុតរំខានទាំងព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដានេះ ដោយអ្នកគាំទ្រអង់គ្លេស ក្បែរសណ្ឋាគារ ដែលក្រុមជម្រើសជាតិអ៉ីតាលីស្នាក់នៅ មុនការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 រវាងអ៉ីតាលី និងអង់គ្លេសមកដល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Athletic ។

ពាក់ព័ន្ធបញ្ហានេះ គេជឿជាក់ថា ក្រុមអ៉ីតាលីមិនប្តឹងទៅ UEFA នោះទេ ហើយក្រុមអ៉ីតាលី ក៏មិនចង់ឲ្យរឿងនេះ ក្លាយជាឧបសគ្គ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតរបស់គេដែរ។

កន្លងមក អ្នកគាំទ្ររបស់អង់គ្លេស បានធ្វើរឿងគួរឲ្យខ្មាស់អៀនរួចទៅហើយ អំឡុងការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក ដោយពួកគេបានបាញ់ភ្លើងឡាស៊ែ ទៅលើមុខអ្នកចាំទីដាណឺម៉ាក, បង្កសម្លេងរំខានពេលកំពុងគោរពភ្លេងជាតិដាណឺម៉ាក និងការដុតកាំជ្រួចផ្តេសផ្តាសជាដើម។ ករណីនេះ UEFA បានព្រមាន និងពិន័យ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសជាង ៣៥,០០០ដុល្លារអាមេរិក។

សូមជម្រាបថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៉ីតាលី ត្រូវប៉ះជាមួយក្រុមជម្រើសជាតិអង់គ្លេស ដើម្បីប្រជែងយកពានរង្វាន់ Euro 2020 ដែលប្រព្រឹត្តទៅនៅរាត្រីថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ (ម៉ោងនៅកម្ពុជា)៕