(ក្រុងឡុងដ៍)៖ សមាគមកីឡាបាល់ទាត់អង់គ្លេស FA បានធ្វើការថ្កោលទោសក្នុងករណីរើសអើងពូជសាសន៍ទៅលើកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka នៅពេលពួកគេធ្វើមិនបានល្អ ពេលប្រកួតផ្តាច់ព្រ័ត្រទល់នឹងអាសូរីអ៉ីតាលីក្នុង Euro 2020។
ពួកគេទាំង ៣នាក់សុទ្ធតែត្រូវបានប្តូរចូលក្នុងវគ្គទី២ ហើយសុទ្ធសឹងតែមិនអាចស៊ុតបាល់ ១១ម៉ែត្រចូលដូចគ្នាដែលធ្វើឲ្យអាសូរីអ៉ីតាលីឈ្នះ ៣-២ នៅពេលប្រកួត ១២០នាទីស្មើគ្នា ១-១ បន្តធ្វើឲ្យក្រុមតោកំណាចអង់គ្លេសមិនអាចឈ្នះបាន Euro ជាប្រវត្តិគិតចាប់តាំងពីថ្ងៃបង្កើតក្នុងឆ្នាំ១៩៦០ មក ដែលធ្វើឲ្យមានការម៉ាក់ងាយរើសអើងពូជសាសន៍កើត ឡើងផងដែរក្នុងទីលាន និងនៅលើបណ្តាញសង្គម។
FA បានចេញសេចក្តីថ្លែងការណ៍ថា «វាពិតជាគួរឲ្យរន្ធត់ណាស់ចំពោះការរំលោភបំពាននេះ។ យើងនឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ និងសន្យាដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបំផុតចំពោះអ្នកដែលធ្វើខុស»។
Rashford ក៏បានទទួលពីការរំលោភបំពានពូជសាសន៍នៅលើបណ្តាញសង្គមម្តងមកហើយកាលពីខែឧសភា ក្រោយពេលក្លិបបិសាចក្រហម Manchester United ចាញ់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Europa League ទល់នឹង Villarreal របស់អេស្ប៉ាញ។
តែយ៉ាងណាក កីឡាករអង់គ្លេសគ្រប់រូបបានលុតជង្គង់ មុនការប្រកួត Euro 2020 ដើម្បីបង្ហាញពីការប្រយុទ្ធប្រឆាំងនឹងវិសមភាពពូជសាសន៍នេះដែរ៕