(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត នឹងត្រូវធ្វើដំណើរពីប្រទេសថៃទៅអឺរ៉ុប នាចុងសប្ដាហ៍នេះ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ដែលនឹងបើកយុទ្ធនាការប្រកួតជុំទី២ ប្រចាំទ្វីបអឺរ៉ុប នៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដាខាងមុខ។

ប៉ុន្ដែមុនការប្រកួតមកដល់ សូមមកចាប់អារម្មណ៍តម្លៃម៉ូតូទឹក ដែលម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រៀមយកទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ដែលមានតម្លៃសរុបខ្ទង់ ៨ម៉ឺនដុល្លារឯណោះ ដែលបច្ចុប្បន្នអាវុធថ្មីលើផ្ទៃទឹករបស់កីឡាករឆ្នើមកម្ពុជារូបនេះ កំពុងស្ថិតនៅប្រទេសអូទ្រីសនៅឡើយ ។

អ៊ូមើត បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ ខ្លួននឹងចូលរួមប្រកួតវិញ្ញាសាស្គីឈរ ឬ Ski GP ដែលជាវិញ្ញាសាធំជាងគេ ហើយម៉ូតូរបស់កីឡាករចូលរួមទាំងអស់ ត្រូវបានអនុញ្ញាតឲ្យកែច្នៃដោយសេរី ។ ដូច្នេះប្រធានក្លិបរបស់ខ្លួន នៅប្រទេសថៃ បានកម្មង់ម៉ូតូទឹក និងធ្វើការកែច្នៃបន្ថែម ដើម្បីត្រៀមការប្រកួតប្រជែងក្នុងការប្រកួតដ៏អស្ចារ្យនេះ ។ ប៉ុន្ដែម៉ូតូនេះ ទោះមានលុយក៏មិនអាចទិញបានភ្លាមៗដែរ ពោលគឺត្រូវការពេលវេលាកម្មង់យ៉ាងហោច ៦ខែមុន។

កីឡាករខ្មែរឥស្លាមរូបនេះ បន្ដថា «ម៉ូតូថ្មីនេះ គឺទិញពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦ម៉ឺនដុល្លារ តែមិនទាន់ធ្វើការកែកុនអ្វីទេ គ្រាន់តែកម្មង់សំបកផ្សេង ម៉ាស៊ីនផ្សេង... ព្រោះយើងត្រូវកម្មង់ជាពិសេស សម្រាប់ម៉ូតូប្រណាំងនីមួយៗ ដោយសារ Class នេះ គឺជា Class Open ដែលយើងអាចធ្វើម៉ូតូបានគ្រប់ប្រភេទ ដើម្បីប្រណាំងបាន ។ ចឹងម៉ូតូតម្លៃខ្ពស់ហើយ នៅថ្លៃជាងធ្វើទៀត ដែលយើងបានបញ្ជូនទៅធ្វើនៅអូទ្រីស គឺតម្លៃសរុបប្រមាណ ៨ម៉ឺនដុល្លារ»

អ៊ូមើត គ្រោងធ្វើដំណើរទៅប្រទេសអូទ្រីស នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ដើម្បីយកម៉ូតូថ្មីរបស់ខ្លួន ។ ដូច្នេះទម្រាំទៅដល់ទឹកដីប្រកួត នៃប្រទេសប៉ូឡូញ គេមានពេលវេលាប្រហែល ២ ទៅ ៣ថ្ងៃប៉ុណ្ណោះ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី។ ហេតុនេះ វាជាក្ដីបារម្ភមួយរបស់ អ៊ូមើត សម្រាប់ការប្រកួតជុំទី១ តែយ៉ាងណារូបគេបានប្ដេជ្ញានឹងខំប្រឹង និងប្រើប្រាស់បច្ចេកទេសដែលខ្លួនមានឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អ បន្ដទៅការប្រកួតជុំទី២ និងជុំទី៣។

សម្រាប់ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នេះ ត្រូវបែងចែកការប្រកួតជា ៣ជុំ នៅ ៣ទ្វីបផ្សេងគ្នា ដោយជុំទី១ ប្រកួតនៅទ្វីបអឺរ៉ុប នាប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ឥ១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ នឹងប្រកួតនៅប្រទេសថៃ ក្នុងនាមទ្វីបអាស៊ី ចាប់ពីថ្ងៃទី១២ឥ១៦ ខែមករា ឆ្នាំ២០២២ ។ បន្ទាប់ពីបញ្ចប់ការប្រកួតទាំង ៣ជុំ គណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុ ដើម្បីកំណត់ជ័យលាភីរបស់កីឡាករម្នាក់ៗតែម្ដង។

គួរដឹងថា សាលី អ៊ូមើត ទើបបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ក្នុងការប្រកួត Jet Ski World Series 2020-2021 នៅប្រទេសថៃ កាលពីចុងខែមេសាកន្លងទៅ បន្ទាប់ពីគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ដែលជាកំណត់ត្រាដំបូង ពុំធ្លាប់មានកីឡាករអាស៊ីណាម្នាក់ធ្វើបានឡើយ សូម្បីចំណាត់ថ្នាក់ Top-10 ។ អ្វីដែលមិននឹកស្មាន ក្នុងការប្រកួតនោះ អ៊ូមើត បានប្រើម៉ូតូចាស់ ដែលខ្លួនធ្លាប់យកទៅប្រកួត និងដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ដ្បិតម៉ូតូថ្មីស្ថិតនៅអូទ្រីសនៅឡើយ៕