(ក្រុងឡុងដ៍)៖ អ្នកគាំទ្រអ៉ីតាលី បានខឹងសម្បារជាខ្លាំង បន្ទាប់ពីមានវីដេអូបង្ហាញថា អ្នកគាំទ្រអង់គ្លេសបានព្យាយាមស្តោះទឹកមាត់, ជាន់, ហែក និងចង់ដុតទង់ជាតិរបស់ខ្លួន ក្រោយក្រុមនេះបន្តការបរាជ័យនៅ Euro 2020 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Express នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្រុមអ្នកគាំទ្រអ៉ីតាលីបានបង្ហោះសារលើបណ្តាញ Twitter ជាមួយនឹងខ្លឹមសាររិះគន់អ្នកគាំទ្រអង់គ្លេស ដែលព្យាយាមស្តោះទឹកមាត់ និងចង់ដុតទង់ជាតិអ៉ីតាលី។ ក្នុងនោះ គេលឺសំឡេងមនុស្សស្រែកថា «ដុតទង់ជាតិចង្រៃនេះចោលទៅ» (ន័យត្រង់ជាខេមរភាសាថា ដុតទង់ជាតិអាចុយម្រាយនេះចោលទៅ ប៉ុន្តែ Fresh News សុំមិនសរសេរបែបនេះ)។

អ្នកគាំទ្រអ៉ីតាលី បានថ្លែងសារលើ Twitter ដោយទាមទារយុត្តិធម៌ថា «តើយើងគួរដោះស្រាយបែបណាលើអ្នកគាំទ្រអង់គ្លេស ដែលបានចាប់ផ្តើមស្តោះទឹកមាត់ និងសម្តែងកាយវិការមើលងាយ ទង់ជាតិអ៉ីតាលី។ ខ្ញុំខ្ពើមរអើមពួកគេណាស់ សូមប្រាប់មកខ្ញុំផងថា ពួកគេធ្វើបែបនេះមានន័យអ្វីទៅ»

នៅមានបណ្តា Twitter ជាច្រើនទៀត ដែលបង្ហាញថា អ៉ីតាលីមិនពេញចិត្តនឹងទង្វើរបស់អង់គ្លេស ហើយពួកគេសង្ឃឹមថា នឹងមានដំណោះស្រាយដ៏ល្អឆាប់ៗនេះ។

គួរជម្រាបថា អ៉ីតាលីបានលើកពាន Euro ជាលើកទី២ ខណៈដែលតោកំណាចអង់គ្លេស បានត្រឹមតែបន្តការខកចិត្ត ក្រោយរង់ចាំអស់ ៥៥ឆ្នាំ ពេលដែលចាញ់អ៉ីតាលី ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៖០០ (ម៉ោងនៅកម្ពុជា)។

មានរឿងច្រើនណាស់ ដែលអ្នកគាំទ្រអង់គ្លេសបានបង្កឡើង ធ្វើឲ្យពិភពលោកស្អប់ខ្ពើម ក្នុងនាមពួកគេជាអ្នកកើតក្នុងប្រទេសអ្នកមាន និងរស់នៅក្នុងទ្វីបអឺរ៉ុប ដែលជាបណ្តុំប្រទេសអភិវឌ្ឍន៍ បែរជាមានចិត្តគំនិតអាក្រក់ទៅវិញ។

ក្នុងនោះគេសង្កេតឃើញថា មានវីដេអូជាច្រើនបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេស ដេញវាយអ្នកគាំទ្រក្រុមជម្រើសជាតិអ៉ីតាលី ពេលដែលអង់គ្លេសបរាជ័យលើកពាន EURO 2020 ត្បិតពួកគេបានចាញ់ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ទល់នឹង២។ វីដេអូដែលត្រូវបានចែកចាយតៗគ្នានោះ បង្ហាញថា អ្នកគាំទ្រអង់គ្លេសបានបន្តធ្វើរឿងដែលពិភពលោកស្អប់ខ្ពើម ដោយសារខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតផ្តាច់ព្រ័ត្រ រវាងអង់គ្លេស និងអ៉ីតាលី ប៉ុន្តែបែរជាបង្កបញ្ហាមិនល្អបែបនេះដាក់អ៉ីតាលី។

មានវីដេអូផ្សេងទៀតបង្ហាញដែរថា ក្រោយអង់គ្លេសបរាជ័យក្រោយថ្វីជើងអ៉ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺអ្នកគាំទ្រពួកគេបន្តបង្កភាពអនាធិបតេយ្យ តាមរយៈការពង្រាយសំរាមលើទីសាធារណៈ ស្រែករំពងតាមដងផ្លូវសាធារណៈ និងសម្តែងការមិនទទួលស្គាល់ជ័យជម្នះរបស់អ៉ីតាលីទៀតផង។

បន្ថែមលើនេះ មុនការប្រកួតមកដល់ គឺក្រុមអ្នកគាំទ្រអង់គ្លេសដែលអត់មានសំបុត្រទស្សនា ក៏បានសម្រុកចូលកីឡដ្ឋាន Wembley ដែលជាកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកគាំទ្រអង់គ្លេស ធ្វើឲ្យពិភពលោកថ្កោលទោស ពោលគឺមុនការប្រកួតមកដល់ អ្នកគាំទ្រអសីលធម៌ទាំងនេះ បានទៅដុតកាំជ្រួចរំខាន ដល់បរិវេណដែលក្រុមជម្រើសជាតិអ៉ីតាលីស្នាក់នៅ ទាំងដែលអ៉ីតាលីមិនតបតសូម្បីមួយម៉ាត់។

អំឡុងពេលប្រកួតជាមួយដាណឺម៉ាក គឺអ្នកគាំទ្រអង់គ្លេស បានបាញ់ឡាស៊ែពណបៃតង ទៅលើមុខអ្នកចាំទីដាណឺម៉ាក ធ្វើឲ្យស្រវាំងភ្នែក ចាប់បាល់មិនបានល្អ, បង្កសំឡេងរំខានពេលគោរពភ្លេងជាតដាណឺម៉ាក និងការដុតកាំជ្រួចផ្តេសផ្តាសជាដើម។ ករណីនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប សម្រេចព្រមាន និងពិន័យសហព័ន្ធបាល់ទាត់អង់គ្លេសជាង ៣៥,០០០ដុល្លារអាមេរិក៕