(បរទេស)៖ ក្រុមហ៊ុន Nokia ដែលត្រូវបានគេដឹងថាជាអ្នកកាន់កាប់ប៉ាត់ជាច្រើនពាក់ព័ន្ធនឹងទូរស័ព្ទដៃ ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុន ផលិត ទូរស័ព្ទដៃជាច្រើនបាននិងកំពុងតែប្រើប្រាស់ប៉ាតង់របស់ Nokia តាមរយ:ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធិក្នុងការ ប្រើប្រាស់ ខណ:ដែលថ្មីៗនេះ បានដាក់ពាក្យដឹងក្រុមហ៊ុនផលិតទូរស័ព្ទដៃធំមួយរបស់ចិនគឺ Oppo។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Nokia បានប្ដឹង ក្រុមហ៊ុន Oppo ក្រោមបទចោទប្រកាន់ថាបានរំលោភលើប៉ាតង់របស់ខ្លួន នៅលើប្រទេសចំនួន៤ គឺមានអង់គ្លេស បារាំង អាល្លឺម៉ង់ និងឥណ្ឌា។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ក្រុមហ៊ុន Nokia និង Oppo បានបញ្ចប់កិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប៉ាតង់កាលពីឆ្នាំ២០១៨ ដោយ Oppo មិនបានបន្តកិច្ចព្រមព្រៀងទៀតឡើយ ប៉ុន្តែក្រោយមកក្រុមហ៊ុនចិនមួយនេះបានបន្តប្រើប្រាស់ប៉ាតង់របស់ Nokia ដោយ គ្មាន ការអនុញ្ញាតផ្លូវច្បាប់ ដូច្នេះទើប Nokia សម្រេចចិត្តប្ដឹងតែម្ដង។

ក្រុមហ៊ុន Nokia ថ្មីៗនេះបានឈ្នះក្ដីលើការរំលោភប៉ាតង់ជាមួយនឹងក្រុមហ៊ុន Lenovo និង Daimler ដែលក្រុមហ៊ុនទាំងពីរនេះបាន បញ្ចប់កិច្ចព្រមព្រៀង ប៉ុន្តែបន្តប្រើប្រាស់ប៉ាតង់របស់ Nokia ដោយគ្មានកាអនុញ្ញាត។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Nokia នៅមុនពេលសម្រេចចិត្តប្ដឹង Oppo គឺ Nokia បានជួបពិភាក្សាលើបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយផងដែរ ប៉ុន្តែត្រូវបានក្រុមហ៊ុន Oppo បដិសេធមិនចរចា ទើបធ្វើឱ្យ Nokia ក្ដៅចិត្ត និងដាក់ពាក្យប្ដឹងតែម្ដង។

យោងតាមពាក្យបណ្ដឹងស្រដៀងនេះកន្លងមកគឺ Nokia បានទុកផ្លូវពីរសម្រាប់ក្រុមហ៊ុនទាំងនោះ ដោយទីមួយគឺក្រុមហ៊ុនដែលបានល្មើស ប៉ាតង់ត្រូវបង់ប្រាក់សំណង និងទី២ គឺបន្តកិច្ចព្រមព្រៀងក្នុងរយ:ច្រើនឆ្នាំ៕