(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទត្រពាំងផុងមានសភាពទ្រុឌទ្រោមជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលឡើងវិញ ខណៈការងារជួសជុលនេះសម្រេចបាន ៤០ ភាគរយហើយ ដោយក្នុងនោះគេត្រូវប្រើឥដ្ឋថ្មីចាប់ពី ២០-៣០ ភាគរយ។

គួរជម្រាបថា ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោលមួយសាងសង់អំពីឥដ្ឋ មានទំហំខឿន ៧ ម៉ែត្របួនជ្រុង និងកម្ពស់ ១៦ ម៉ែត្រ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ ក្រោមស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាតរបស់ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមជួសជុលឡើងវិញ។ ក្នុងដំណើរការជួសជុលនេះ គេត្រូវបន្ថែមឥដ្ឋថ្មីចន្លោះចាប់ពី ២០-៣០ ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះក្រុមអ្នកជំនាញបានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មីមានលក្ខណៈស្រដៀងនឹងឥដ្ឋចាស់។

លោក គឹមហួល បានបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលាមួយឆ្នាំ ទើបរួចរាល់ ដែលមកដល់ពេលនេះ ដំណើរការជួសជុលសម្រេចបានប្រមាណ ៤០ ភាគរយហើយ។

លោកបានបន្តទៀតថា ការងារជួសជុលនេះ ក៏ជួបប្រទះបញ្ហាប្រឈមខ្លះៗដែរ ដូចជា ផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈចេញចូល ហើយចំរដូវវស្សាទៅទៀត ដែលតម្រូវឱ្យក្រុមការងារធ្វើដំណើរតាមទូកជាដើម។

លោក សារាយ គឹមហួល បានឱ្យដឹងដែរថា ប្រាសាទត្រពាំងផុងនេះធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយកាលពីអំឡុងឆ្នាំ១៩៣៦ ធ្វើឡើងដោយសាលាបារាំងចុងបូព៌ា ហើយពេលនោះគេបានជួសជុលខឿននៅបរិវេណជុំវិញតួកណ្តាលនៃប្រាសាទ និងបានរកឃើញរូបចម្លាក់មួយចំនួន ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅអភិរក្សដ្ឋានអង្គរ៕