(ឡុងដ៍)៖ សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានចេញសេចក្តីថ្លែងការណ៍មួយ នាព្រឹកថ្ងៃចន្ទនេះ ដោយបានថ្កោលទោស ទៅលើការរំលោភបំពានរើសអើងជាតិសាសន៍ ទៅលើកីឡាករតាមប្រព័ន្ធអនឡាញ បន្ទាប់ពីអង់គ្លេសបានចាញ់អ៉ីតាលី ក្នុងការស៊ុតបាល់ប៉េណាល់ទី នាវគ្គប្រកួតផ្តាច់ព្រ័ត្រ Euro 2020 កាលពីយប់ថ្ងៃអាទិត្យ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

ការប្រកួតពេញម៉ោង ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា១-១ បន្ទាប់ពីការថែមម៉ោងហើយ អ៉ីតាលីបានយកឈ្នះ ក្នុងការស៊ុតបាល់ប៉េណាល់ទី៣-២, ជាមួយនឹងកីឡាករ Marcus Rashford, Jadon Sancho និងកីឡាករ Bukayo Saka របស់អង់គ្លេស, ដែលពួកគេទាំងអស់ គឺជាជនជាតិស្បែកខ្មៅ ស៊ុតបាល់មិនចូលទី។

«FA ថ្កោលទោសយ៉ាងខ្លាំង ចំពោះគ្រប់ទម្រង់ទាំងអស់ នៃការប្រកាន់ និងការរើសអើងជាតិសាសន៍ តាមប្រព័ន្ធអនឡាញ ទៅលើកីឡាករអង់គ្លេសមួយចំនួនរបស់យើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម», នេះបើតាមសេចក្តីថ្លែងការណ៍ បានលើកឡើង។

ជាមួយគ្នានោះ ក្រុមជម្រើសជាតិអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានថ្កោលទោស ចំពោះការរំលោភបំពានដោយផ្ទាល់ ទៅលើកីឡាកររបស់ខ្លួន នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផងដែរ។ ប៉ូលិសអង់គ្លេសបានលើកឡើងថា ពួកគេនឹងធ្វើការស៊ើបអង្កេត ទៅលើការបង្ហោះរើសអើងជាតិសាសន៍នេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា ក្រុមកីឡាករ សក្តិសមនឹងទទួលបានការកោតសរសើរជាវីរបុរស និងមិនត្រូវបានគេរំលោភបំពានពូជសាសន៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

លោក Johnson បានសរសេរនៅលើ Twitter ថា «អ្នកដែលរំលោភបំពាន រើសអើងជាតិសាសន៍ ដ៏គួរឱ្យរន្ធត់នេះ គួរតែខ្មាស់អៀនចំពោះខ្លួនឯង»។

ជាមួយគ្នានោះ អភិបាលក្រុងឡុងដ៍ លោក Sadiq Khan បានស្នើឲ្យបណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម លុបចោលនូវមាតិកាទាំងឡាយណា ដែលបង្ហាញការរើសអើងជាតិសាសន៍ ទៅលើកីឡាករ ពីទម្រង់របស់ខ្លួន៕