(អាមេរិក)៖ កាលពីខែមុននេះ កម្មវិធី WhatsApp បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជារូបភាព និងវីដេអូ ដោយកំណត់លុបចោលសារនោះវិញភ្លាមក្រោយពីអ្នកទទួលបានអាន ឬឃើញលើកទីឆ ឬមានន័យថាអ្នកទទួលគឺអាចមើលសារនោះបានតែម្ដងគត់ ដោយវាមានឈ្មោះថា View Once និងអាចប្រើបានតែនៅលើ Android ប៉ុណ្ណោះ ដោយឡែកនៅពេលនេះគឺចាប់ផ្តើមសាកល្បងប្រើនៅលើ iOS ហើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មុខងារ View Once ត្រូវបានដាក់ប្រើសាកល្បងនៅលើ iOS ប៉ុន្តែមិនទាន់ទូលំទូលាយនោះទេ ដោយមានទូរស័ព្ទខ្លះអាចប្រើបាន និងខ្លះទៀតនៅ ខណៈដែល WhatsApp គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។

នៅមុននេះ WhatsApp បានដាក់ឲ្យប្រើប្រាស់មុខងារលុបសារដោយស្វ័យប្រវត្តិនៅក្នុងរយៈពេល ៧ថ្ងៃ ដោយឡែកមុខងារថ្មីនេះគឺត្រូវបានដាក់ឲ្យប្រើបន្ថែមពីលើមុខងារចាស់ ដោយតែ WhatsApp បានយល់ឃើញថា មានសារមួយចំនួនគឺសំខាន់ណាស់ ដូច្នេះត្រឹមតែបានឃើញម្ដងគឺគ្រប់គ្រាន់ហើយ ជាពិសេសគឺដើម្បីសុវត្ថិភាពផងដែរ៕