(អាមេរិក)៖ និយតករចិនកាលពីថ្មីៗនេះ បានរារាំងផែនការរបស់ក្រុមហ៊ុន Tencent Holdings ក្នុងការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនផ្ដល់សេវាកម្ម Videogame Streeming ដ៏ល្បីនៅក្នុងប្រទេសចិនចំនួនពីរគឺ Huya និង DouYu ដោយ ផ្អែកលើហេតុផលប្រឆាំងនឹងសេចក្ដីទុកចិត្ត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា Tencent ដែល ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី និងធំរបស់ចិន ដែលមានលោក Ma Huateng បច្ចុប្បន្នជាកំពូលមហាសេដ្ឋីលេខ២របស់ចិន ជាម្ចាស់នោះ មានផែនការចង់ច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុន Huya និង DouYu ទៅជាក្រុមហ៊ុនតែមួយ ប៉ុន្តែ គម្រោង មួយនេះត្រូវបានបរាជ័យ ដោយសារតែរដ្ឋាភិបាលចិនបានលើកឡើងថា វាបានរំលោភលើសេចក្ដីទុកចិត្ត។

ក្រុមអ្នកជំនាញបានលើកឡើងថា បើសិនជាក្រុមហ៊ុន Huya និង DouYu ត្រូវបានច្របាច់មែននោះ នោះ ចំណែក ទីផ្សារ Videogame Streeming នឹងត្រូវកាន់កាប់ប្រមាណជា ៨០ភាគរយ ខណៈដែលតម្លៃក្រុមហ៊ុនទាំងពីរនេះនៅលើទីផ្សាររួមបញ្ចូលគ្នាមានចំនួន ៥.៣ពាន់លានដុល្លារអាមេរិក។

Tencent ត្រូវបានគេដឹងថា ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Huya ដោយបានកាន់កាប់ចំណែកភាគហ៊ុនរហូតដល់ ៣៦.៩ភាគរយ ពោលគឺជាម្ចាស់ភាគហ៊ុនធំជាងគេ ខណៈនៅក្រុមហ៊ុន DouYu វិញ Tencent គឺជាម្ចាស់ភាគហ៊ុនធំ លំដាប់ទី៣។

និយតករចិនបានស្នើដល់ក្រុមហ៊ុន Tencent ឱ្យបំពេញបែបបទដែលបានកំណត់តាមផ្លូវច្បាប់របស់ប្រទេសចិនដែល បាន ចែង ខណៈដែល ក្រុមការងារជំនាញនឹងចាប់ផ្ដើមធ្វើការស៊ើបអង្កើតនៅក្រោយពេល ឯកសារត្រូវបានបំពេញរួចរាល់។

គួរបញ្ជាក់ផងដែរថា Huya និង DouYu គឺជាវេបសាយផ្ដល់សេវាកម្ម Videogame Streeming ធំលំដាប់ទី១ និងទី២ នៅក្នុងប្រទេសចិន និងបានរកចំណូលបានខ្ទង់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕