(ម៉ូនិច)៖ UEFA បានប្រកាសពីបេក្ខភាពធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប European Championship លើកទី១៧ ឆ្នាំ២០២៤ ជាផ្លូវការហើយ នោះគឹប្រទេសអាល្លឺម៉ង់តែ ១គត់ដោយមាន ២៤ក្រុមចូលរួមដដែល រក្សាការប្រកួតសរុប ៥១ដូចគ្នា។

Euro 2024 នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

មែនទែនទៅ អាល្លឺម៉ង់ធ្លាប់ធ្វើម្ចាស់ផ្ទះនៃពានរង្វាន់ ៤ឆ្នាំម្តងនេះហើយកាលពីឆ្នាំ១៩៨៨ ក្រៅពីធ្លាប់ឈ្នះពាននេះបានចំនួន ៣ដងស្មើនឹងអេស្ប៉ាញច្រើនជាងគេផងដែរ និងម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ២០០៦ ទៀតផង។

ជាធម្មតា Euro តែងតែធ្វើឡើងនៅ ១០កីឡដ្ឋានផ្សេងគ្នាស្ថិតក្នុងប្រទេសម្ចាស់ផ្ទះណាមួយ ដ្បិត Euro 2020 ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ នោះ ត្រូវបានធ្វើឡើងនៅ ១១ប្រទេសផ្សេងគ្នា និងមាន ១២កីឡដ្ឋានទូទាំងទ្វីបអឺរ៉ុប ដែលមាន ៥៤ប្រទេសសរុប។

អាសូរីអ៉ីតាលី ជាម្ចាស់ជើងឯកពានអឺរ៉ុប UEFA Euro 2020 ក្រោយគេ នៅពេលយកឈ្នះម្ចាស់ផ្ទះអង់គ្លេសដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ ក្រោយពេលប្រកួត ១២០នាទី ស្មើគ្នា ១-១ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕