(ភ្នំពេញ)៖ ក្រុមហ៊ុន សឹង្ហ ខេមបូឌា និង អាយ ឃ្យូ ភី អេសត្រេឌីងដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខផលិតផលសឹង្ហ និងទឹករ៉ែ Purra ប្រចាំប្រទេសកម្ពុជា បានចូលរួមឧបត្ថម្ភទឹករ៉ែ Purra ចំនួន ២០០០កេស ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ១០០០កេស ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីរួចចំណែកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

តំណាងក្រុមហ៊ុន សឹង្ហ ខេមបូឌា បានលើកឡើងថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយ គ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាការតមស្នងនូវកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង រដ្ឋបាលខេត្តសៀមរាប ដែលកំពុងបំពេញ ភារកិច្ចយ៉ាងសកម្មដើម្បីប្រជាជនកម្ពុជា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid -19) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក៏ដូចជានៅទូទាំងកម្ពុជា។

អ្នកតំណាងក្រុមហ៊ុនសឹង្ហ ខេមបូឌា ក៏សូមផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តការប្រុងប្រយ័ត្ន ការពារខ្លួន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ សហគមន៍ក៏ដូចជាប្រទេសជាតិទាំងមូល៕