(អាមេរិក)៖ ក្រុមហ៊ុន Google ជាច្រើនខែមុនធ្លាប់ទទួលបានសេចក្ដីព្រមានពីសំណាក់រដ្ឋាភិបាលបារាំងពាក់ព័ន្ធនឹងការ ប្រើប្រាស់ អត្ថបទ សារព័ត៌មានរបស់ស្ថាប័នក្នុងស្រុកដោយគ្មានការអនុញ្ញាត ឬគ្មានការបង់ប្រាក់ ដោយឡែកនៅពេលនេះ និយ័តករបារាំងបាន ចេញ សេចក្ដី សម្រេចផាកពិន័យក្នុងទឹកប្រាក់ ៥០០លានអឺរ៉ូ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google បានទាញយក មាតិកាព័ត៌មានពីស្ថាប័នផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានក្នុងប្រទេសបារាំងមកដាក់នៅលើ Platform របស់ខ្លួន ដោយគ្មានការយល់ព្រម ឯកភាពពីសំណាក់ម្ចាស់ដើម ខណ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងនោះទទូចឱ្យ Google ធ្វើការបង់ប្រាក់ ឬចុះកិច្ចព្រមព្រៀងណាមួយ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ជាផ្លូវការ។

កាលពីថ្មីៗនេះផងដែរ ក្រុមហ៊ុន Google បានបង់ប្រាក់សំណង ២២០លានអឺរ៉ូ (ប្រហែល ២៦៨លានដុល្លារអាមេរិក) ពីបទប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងប្រទេសបារាំង ដោយបានរារាំងដៃគូប្រកួតប្រជែងផ្សេងៗមិនឱ្យមានព្រៀបជាងខ្លួន តាមរយៈ Google AdX ដែលជាកន្លែងផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ខ្លួន។

ចំណែកកាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានប្ដឹង Google ពីបទប្រើប្រាស់ឥទ្ធិពលនៃប្រព័ន្ធដំណើការ Android ដើម្បី ប្រកួតប្រជែងដោយភាពមិនស្មោះត្រង់ ក្នុងទឹកប្រាក់ ៤.៣៤ពាន់លានអឺរ៉ូ ។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុន Google ធ្លាប់បានគំរាមថា ខ្លួននឹងបិទកម្មវិធី Google Search នៅក្នុងប្រទេសអូស្ត្រាលី បើសិនជា រដ្ឋាភិបាលនៃប្រទេសនេះចេញច្បាប់ថ្មី និងបង្ខំឱ្យខ្លួនបង់ប្រាក់ទៅឱ្យប្រព័ន្ធផ្សាព្វផ្សាយ និងស្ថាប័នព័ត៌មាន ដើម្បីទទួលបានសិទ្ធិ ប្រើ ប្រាស់មាតិការបស់ពួកគេ៕