(ភ្នំពេញ)៖ ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ធនាគារ ជីប ម៉ុង បានបន្តពង្រីកវិសាលភាពរបស់ខ្លួន និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ជាពិសេសនោះគឺបន្តបេសកម្មក្នុងការទទួលប្រាក់បញ្ញើ ក៏ដូចជាផ្តល់នូវកម្ចីគ្រប់ប្រភេទជូនដល់អតិថិជន។

បើតាមលោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានឱ្យដឹងថា «បច្ចុប្បន្ននេះធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបប្រមាណជាង ៦០០ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងច្រើនជាង ៤០០ លានដុល្លារអាមេរិក។ ធនាគារ ជីប ម៉ុង ក៏ទទួលបានជោគជ័យលើការទទួលប្រាក់បញ្ញើផងដែរ ដោយប្រាក់បញ្ញើពីអតិថិជនមានរហូតដល់ជាង ៥០០ លានដុល្លារអាមេរិក។ ធនាគារក៏កំពុងបន្ថែមដើមទុនវិនិយោគ បន្ថែមដើម្បីឆ្លើយតបនឹងការរីកចម្រើន និងការគាំទ្ររបស់អតិថិជនផងដែរ»

លោកបានបន្តទៀតថា សមិទ្ធផលទាំងអស់នេះហើយ គឺកើតចេញពីសន្ទុះនៃការគាំទ្ររបស់អតិថិជន ដែលធ្វើឱ្យធនាគារ ជីប ម៉ុង អាចរីកចម្រើនទៅមុខ និងឈរជើងបានយ៉ាងរឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយត្រឹមតែរយៈពេលជាង ២ ឆ្នាំប៉ុណ្ណោះ យើងសង្កេតឃើញថាធនាគារនេះ បានរីកលូតលាល់យ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នមានសាខាចំនួន ៩ នៅទីរាជធានីភ្នំពេញ និង ៣ សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។ លើសពីនេះធនាគារ ជីប ម៉ុង ក៏ទទួលបានការគាំទ្រខ្លាំងពីអតិថិជនលើសេវាម្មនានាផងដែរ៕