(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខមួយខ្យល់ធំ ព្រោះតែត្រូវបានវាយលុកដោយជំងឺកូវីដ-១៩ និងជាប់ដៃបើកក្រុមហ៊ុនរកស៊ីរួចមក តារាចម្រៀងស្រីសិចស៊ី កញ្ញា រតនៈ ពិសី បានប្រកាសជាចំហថា នាងនឹងចូលខ្លួនបម្រើ ក្នុងវិស័យសិល្បៈចម្រៀងឡើងវិញ ទោះក្នុងរដូវកាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក្ដី ខណៈដែលការប្រកាសនេះ គឺនាងបានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «Hater» បានបង្កប់អត្ថន័យច្រៀងដៀល ដល់អ្នកដែលចេះដឹងរឿងរបស់អ្នកដទៃ មិនសំចៃមាត់ អមដោយចង្វាក់ភ្លេង និងការរ៉េបក៏ប្លែកអារម្មណ៍ ពុំធ្លាប់មាន។

តារាចម្រៀងចូលចិត្តលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា ជាការពិតនាងបានសម្រេចចិត្តចូលឲ្យជ្រៅ ទៅក្នុងការងារសិល្បៈ ចម្រៀងរបស់នាងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ ព្រោះតែកូវីដ-១៩ វាយលុយជាសកល និងជាប់ដៃលើជំនួញឆ្លងទ្វីបរបស់ខ្លួន ដោយរូបនាងនឹងបន្តថត និងផលិតបទចម្រៀង ដើម្បីបំពេញតម្រូវការទីផ្សារ និងអ្នកគាំទ្រដែលតែងតែគាំទ្រ នូវបទចម្រៀងរបស់នាងកន្លងមក។ នាងបន្តថា ម្យ៉ាងទៀត ពេលដែលនាងគ្មានសកម្មភាពសិល្បៈកន្លងមក គឺនាងបានងាកទៅពង្រឹកលើមុខជំនួញរកស៊ីរបស់ខ្លួន និងលក់ផលិតផលនានា ព្រោះការងារសិល្បៈ មិនអាចដំណើរការទៅមុខបាន ក្នុងសម័យកូវីដ។

តារាចម្រៀងសិចស៊ីសាច់សខ្ចី រតនៈពិសី បាននិយាយថា «ច៎ាបង នៅពេលនេះខ្ញុំសម្រេចថា នឹងចូលសិល្បៈឲ្យស៊ុបតែម្ដង ព្រោះតែអ្នកនៅជុំវិញខ្លួនដែលធ្លាប់គាំទ្រ និងធ្លាប់ស្គាល់ខ្ញុំ គឺពួកគាត់ចង់ឃើញខ្ញុំច្រៀង ចង់ឃើញខ្ញុំសម្ដែង មានបទថ្មីៗប្លែកៗ។ ណាមួយខ្ញុំក៏មិនចង់ឲ្យពួកគាត់ (អ្នកគាំទ្រ) ភ្លេចមុខខ្ញុំដែរបង.. ព្រោះយើងមានផលិតកម្មជ្រកត្រឹមត្រូវ គឺពួកគាត់មិនចង់ឲ្យស្ងាត់ទេ ទោះក្នុងសម័យកូវីដក៏ដោយ តែខ្ញុំសង្ឃឹមតិចៗទេបង ចំពោះការគាំទ្រ...(សើច..).!»។

ជាមួយគ្នានេះតារាចម្រៀង រតនៈ ពិសី ក៏បានសង្កត់ធ្ងន់ថា ជាការពិតនៅក្នុងបរិបទនៃសម័យកាលជំងឺកូវីដ១៩ វាយលុកនេះ គឺអ្នកសិល្បៈទាំងអស់ ហាក់ពុំមានសកម្មភាពអ្វីឲ្យច្រើនឡើយ ដូច្នេះនាងក៏មិនចង់បាត់មុខយូរពេក ក៏បញ្ចេញបទចម្រៀងថ្មី និងរិះរកអ្វីដែលថ្មីប្លែកបន្ថែម ចែកជូនដល់អ្នកគាំទ្រទស្សនា និងស្ដាប់កម្សាន្តកុំឲ្យស្ងាត់ពេក។ រតនៈ ពិសី បន្ថែមថា ស្របពេលជាមួយនឹងការបាត់មុខនេះ នាងក៏បានបើកក្រុមហ៊ុនរកស៊ីមួយបន្ថែមទៀតដែរ គឺក្រុមហ៊ុន «អេលីខេភី» ដែលនាំចូលផលិតផលសុខភាព ពីអាមេរិកមកលក់នៅក្នុងទីផ្សារ នៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បទ «Hater» ដែលតារាចម្រៀង រតនៈពិសី បានបញ្ចេញក្នុងពេលចូលសិល្បៈវិញនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក យឹម ជីមហ៊ុយ និងត្រូវបានដឹកនាំសម្តែងដោយ លោក ចាន់ សុវណ្ណរ័ត្ន ជាអ្នកដឹកនាំសម្តែងវ័យក្មេង ក្នុងផលិតកម្ម «Top Music»។ យ៉ាងណាមិញ រតនៈ ពិសី ក៏មិនភ្លេចផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវថែទាំសុខភាព និងជៀសផុតពីជំងឺរាតត្បាតចង្រៃនានាផងដែរ៕