(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ២រូបរួមមានកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ បានដណ្ដើមចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតអន្ដរជាតិ 2021 6th KOREA OPEN AEROBIC COMPETITION (ONLINE STUDIO) លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះបានប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដានេះ ដែលជាការប្រកួតតាមអនញឡាញដោយមានកីឡាករ-កីឡាការិនីសរុប ៥៣៨នាក់មកពី ៣០ប្រទេសស្មើនឹង ៣១០ក្រុមចូលរួម។

ចំពោះកីឡាករ-កីឡាការិនីកម្ពុជា ២រូបខាងលើបានប្រកួតលើវិញ្ញាសាគូអាយុក្រោម ១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៤ប្រទេសគឺម្ចាស់ផ្ទះកូរ៉េខាងត្បូង ជប៉ុន ម៉ុងហ្គោលី និងកម្ពុជា។ ជាលទ្ធផលក្រោយឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការអន្ដរជាតិជាច្រើន បានកាត់សេចក្ដីឲ្យក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ខណៈលេខ១ បានទៅកូរ៉េ និងលេខ៣ បានទៅជប៉ុន។

លោក ណយ ផាណា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះសមិទ្ធផលរបស់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិកូវីដ-១៩។ លោកបានវាយតម្លៃខ្ពស់ ហើយរំពឹងថា ពួកគេនឹងមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា និងស្វែងរកមេដាយជូនជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ដថា «បើនិយាយអំពីគុណផលរបស់កីឡាករ-កីឡាការិនីវ័យក្មេងយើង គឺល្អច្រើន ដូចខ្ញុំបានជម្រាបជារឿយៗពីមុនអញ្ចឹង កីឡាករហាត់មានវ័យ និងដំណាក់កាលរបស់គាត់។ បច្ចុប្បន្ននេះអាយុគាត់ក្នុង ១៤ ទៅ ១៧ឆ្នាំហ្នឹង កំពុងតែមានការវិវត្តន៍ទាំងរាង្គកាយ និងចិត្ដគំនិត។ ចឹងក្នុងចន្លោះពេលហ្នឹង កីឡាករ-កីឡាការិនីកាយសម្ព័ន្ធយើង ខ្ញុំពិនិត្យឃើញថា មានការកើនឡើងនូវកម្រិតបច្ចេកទេសរបស់គាត់ ហើយបើនិយាយពីក្ដីរំពឹងសម្រាប់ឆ្នាំ២០២៣ ខ្ញុំមានក្ដីរំពឹងថា នឹងទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិ»

អគ្គលេខាធិការដដែលបន្ថែមថា «ទោះបីក្នុងកាលៈទេសៈដ៏លំបាកនេះ យើងបានបិទទ្វារហ្វឹកហាត់លក្ខណៈស្វ័យបុគ្គល ប៉ុន្ដែកម្រិតបច្ចេកទេសរបស់គាត់ យើងនៅតែមើលឃើញមានការរីកចម្រើន ដោយសារទី១-មានការគ្រប់គ្រងច្បាស់លាស់ និងទី២-សំខាន់បំផុត ឯកឧត្តមបណ្ឌិត ថោង ខុន លោកបានពិនិត្យ និងតាមដានការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជានិច្ច ព្រមទាំងការលើកទឹកចិត្តសព្វបែបយ៉ាងណា ដូច្នេះខ្ញុំមានជំនឿថា យើងនឹងមានលទ្ធផលល្អជូនជាតិមាតុភូមិសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣»

ទន្ទឹមជាមួយគ្នាលោក ណយ ផាណា ក៏បានអំណរគុណក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិ CAMSOC ដែលបានជំរុញការយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យមានការហ្វឹកហាត់លក្ខណៈស្វ័យបុគ្គល ដើម្បីរក្សានូវសិទ្ធិផលរបស់កីឡាករ-កីឡាការិនីត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ ពិសេសដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕