(កាណាដា)៖ កីឡាការិនីវាយតេន្នីសសញ្ជាតិកាណាដា Bianca Andreescu បានសម្រេចចិត្តមិនចូលរួមប្រកួត នៅឯព្រឹត្តិការណ៍ Tokyo Olympics នោះទេ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមសម្តីកីឡាការិនី ជាអតីតម្ចាស់ពានរង្វាន់ជើងឯក US Open រូបនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

Andreescu គឺជាកីឡាការិនីល្បីឈ្មោះមួយរូបចុងក្រោយគេ ដែលបានប្រកាសមិនចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ។

គួររំលឹកថា កីឡាករវាយតេន្នីស Rafa Nadal, Dominic Thiem, Stan Wawrinka, Nick Kyrgios, Serena Williams និង Simona Halep បានប្រកាសរួចទៅហើយ ពីការសម្រេចចិត្តរបស់ពួកគេ គឺមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលត្រូវបានគេពន្យារពេលមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺឆ្លងនេះ។

«ខ្ញុំធ្លាប់មានក្តីស្រមៃ ធ្វើជាអ្នកតំណាងឲ្យកាណដា នៅឯព្រឹត្តិការណ៍ Olympics តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ», នេះបើតាមកីឡាការិនីតេន្នីស លំដាប់ទី៥ របស់ពិភពលោករូបនេះ បានសរសេរនៅលើ Instagram។ នាងបន្ថែមថា «ប៉ុន្តែជាមួយនឹងការប្រឈមនឹងបញ្ហា ដែលពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺ, ខ្ញុំយល់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនឯង»

កីឡាការិនី វ័យ២១ឆ្នាំរូបនេះ បានលើកឡើងថា នាងទន្ទឹងរង់ចាំ ធ្វើជាតំណាងឲ្យប្រទេសកាណាដា នៅក្នុងការប្រកួតពានរង្វាន់ Fed Cup និងនៅក្នុងព្រឹត្តិការណ៍ 2024 Paris Olympics៕