(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់របស់អេស្ប៉ាញ Real Sociedad បានចុះកិច្ចសន្យាមួយ ជាមួយកីឡាករអ្នកចាំទី Mat Ryan សញ្ជាតិអូស្ត្រាលី មកពីក្លិប Brighton & Hove Albion ដែលលេងនៅលីគ English Premier League ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ La Liga នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

បន្ទាប់ពីចំណាយរយៈពេល៤ឆ្នាំ នៅក្លិប Brighton & Hove Albion, កីឡាករវ័យ២៩ឆ្នាំរូបនេះ បានវិលត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ, ខណៈលោកធ្លាប់លេងឲ្យក្លិប Valencia របស់អេស្ប៉ាញ ក្នុងកិច្ចសន្យា៣ឆ្នាំ (២០១៥-២០១៧)។

កិច្ចសន្យារបស់កីឡាករ Ryan បានរួមបញ្ជូលនូវជម្រើស សម្រាប់ឲ្យបន្តរយៈពេល១ឆ្នាំថែមទៀត, នេះបើតាមការបញ្ជាក់ពីក្លិប Real Sociedad។

កីឡាករជើងចាស់ ធ្លាប់លេងនៅព្រឹត្តិការណ៍ World Cup ចំនួន២លើក, Ryan បានជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ទទួលបានជោគជ័យ ជាបន្តបន្ទាប់លើកទី៨ ក្នុងវគ្គជម្រុះអាស៊ី សម្រាប់ការប្រកួតឆ្នាំ២០២២ នៅប្រទេសកាតា ជាមួយនឹងការឈ្នះ១-០ លើក្រុមហ្សកដានី កាលពីខែមុន៕