(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីឈ្មោះ General Motors Co (GM) បានប្រកាសឱ្យដឹងថា ខ្លួននឹងបោះទុនវិនិយោគ បន្ថែម នូវទឹកប្រាក់ ៧១លានដុល្លារអាមេរិក សម្រាប់បង្កើតទីស្នាក់ការថ្មីមួយនៅតំបន់ Pasadena ក្នុងរដ្ឋ California ដើម្បីពង្រីក សមត្ថភាព និងបច្ចេកវិទ្យាថ្មីក្នុងការផលិតរថយន្តអាចហោះបាន និង រថយន្តសម្រាប់បើកបរនៅលើភពព្រះចន្ទ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទីស្នាក់ការថ្មីនេះនឹងក្លាយជា មជ្ឈមណ្ឌលរចនាម៉ូដ និងផលិតរថយន្តមួយដែលមានសារសំខាន់សម្រាប់ GM ក្នុងការផ្ដោតទៅលើ គម្រោងផលិតរថយន្ត ថ្មីៗសម្រាប់ ពេលអនាគត ។

ក្រុមហ៊ុន General Motors បាននិយាយថា ទីស្នាក់ងារថ្មីនេះនឹងរួមបញ្ចូលទាំងមន្ទីរពិសោធន៍ កន្លែងច្នៃប្រឌិត និងការសាកល្បងទៅលើបច្ចេកវិទ្យាថ្មីៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ Virtual Reality (VR) ក្នុងការផលិត និង សាកល្បង ប្រើប្រាស់ទៀតផង។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន General Motors បានប្រកាសបង្ហាញគម្រោងឡានហោះមួយដែលមានឈ្មោះថា Cadillac ដែលវាអាច បើកបរដោយស្វ័យប្រវត្តិ និងអាចធ្វើការហោះឡើង និងចុះចតវិញបានឱ្យខ្លួនឯង ជាពិសេសគឺមានសមត្ថភាពអាចដឹកអ្នកដំណើរបានទៀត ផង ដោយគម្រោងនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ។

គួរបញ្ជាក់ផងដែរថា ក៏បានបង្ហាញគម្រោងផលិតរថយន្តថ្មីជាច្រើន មានទាំងរថយន្តធំៗសម្រាប់ដឹកទំនិញដែលពោរពេញដោយបច្ចេកវិទ្យា និង រថយន្តសម្រាប់បើកបរនៅឋានអវកាស៕