(មែនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Marcus Rashford នឹងត្រូវសម្រាកព្យាបាលរបួសស្មាដែលឈានដល់ការវះកាត់យ៉ាងតិច ២ខែដើមរដូវកាលឆ្នាំ២០២១-២០២២ ខាងមុខផងដែរ។

បញ្ហារបួសស្មារបស់ Rashford នឹងជាសះស្បើយនៅចុងខែតុលា ឆ្នាំ២០២១ នេះមានន័យថា រូបគេនឹងអវត្តមាននៅថ្ងៃបើកឆាក Premier League រដូវកាលថ្មីជាមួយក្លិបបិសាចក្រហម Manchester United នាពាក់កណ្តាលខែសីហាខាងមុខនេះ។

គួរបញ្ជាក់ផងថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំខាងលើនេះ ទើបតែទទួលរងនូវការរើសអើងពូជសាសន៍យ៉ាងដំណំ ក្រោយទាត់បាល់ ១១ម៉ែត្រអត់ចូលក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រទល់នឹងអាសូរីអ៉ីតាលី នៅមុនពេលមិត្តរួមជាតិ Jadon Sancho និង Bukayo Saka ក៏ទាត់អត់ចូលដូចគ្នា។

តែយ៉ាងណា កន្លែងរបស់ Rashford នឹងត្រូវបានជំនួសដោយខ្សែប្រយុទ្ធចំណូលថ្មី Jadon Sancho ដែលកំពុងពិនិត្យសុខភាពជាមួយ Man Utd ក្នុងតម្លៃផ្ទេរ ៧៣លានផោនផងដែរពីក្លិបអាល្លឺម៉ង់ Borussia Dortmund៕