(មេនឆេស្ទើ)៖ កីឡាករ Jadon Sancho បានមកធ្វើតេស្តសុខភាពនៅទីលាន Carrington របស់ក្លិបបិសាចក្រហម Manchester United មុនចុះកិច្ចសន្យាជាផ្លូវការលេងឲ្យក្លិបអង់គ្លេសមួយនេះនៅទឹកដី Old Trafford។

បើយោងតាមព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះថា តម្លៃផ្ទេររបស់កីឡាករអង់គ្លេសខាងលើនេះ គឺមានតម្លៃខ្លួន ៧៣លានផោនដែលបិសាចក្រហមបានព្រមព្រៀងតាំងពីដើមខែកក្កដានេះម្ល៉េះរង់ចាំឲ្យព្រឹត្តិការណ៍ Euro 2020 បញ្ចប់ជាស្ថាពរទើប Sancho មកពិនិត្យសុខភាព និងចុះកិច្ចសន្យាតែម្តង។

Sancho ដែលកំពុងលេងឲ្យក្លិបអាល្លឹម៉ង់ Borussia Dortmund នោះ ត្រូវបានគេបើកឡានជូនទៅទីតាំង Carrington កាលពីថ្ងៃអង្គារម្សិលមិញ និងរហូតមកទល់ពេលនេះមិនទាន់ឃើញចេញមកវិញនៅឡើយទេ ដ្បិតរូបគេជាកីឡាករយុវជនថ្នាលចេញពីក្លិបក្នុងស្រុក Manchester City ផងដែរ។

នៅចាំបានថា Sancho ក៏ជាសមាជិក ១រូបដែលទាត់បាល់ ១១ម៉ែត្រអត់ចូលផងដែរក្នុងការប្រកួតកាត់សេចក្តីរវាងអង់គ្លេស និងអ៉ីតាលី ដណ្តើមពានជើងឯកអឺរ៉ុប UEFA Euro 2020 កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលរូបគេទាត់គ្រាប់ទី៤ មុនពេល Saka ទាត់គ្រាប់ទី៥ ដែលសុទ្ធសឹងតែអត់ចូលដូចគ្នា រួមទាំង Marcus Rashford ទៀតផង៕