(ភ្នំពេញ)៖ ក្រុមបាល់ទាត់ វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមកំពូលតារាងអង្គរថាយហ្គឺរនារសៀលថ្ងៃទី១៥ ខែកក្កដាស្អែកនេះ ក្នុងជំនួបសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ស្របពេលអ្នកចាំទីក្រុមខ្លាទឹកក្រូច ជា វណ្ណសាក់ បានអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខជាមួយក្រុមចាស់ ដោយគ្មានសម្ពាធអ្វីឡើយ។

ជា វណ្ណសាក់ បានលើកឡើងថា «វាជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ដែលខ្ញុំកំពុងទន្ទឹងរង់ចាំ។ តាមដែលខ្ញុំដឹង វិសាខាជាក្រុមល្អមួយក្នុងលីគ ពួកគេមានកីឡាករល្អៗច្រើន ពិសេសតំបន់ប្រយុទ្ធរបស់ពួកគេមានគុណភាព ហើយចំណុចគួរឲ្យព្រួយបារម្ភ គឺការលេងបាល់ខ្លី និងការលេងបាល់ Set-Pieces របស់ពួកគេ។ ប៉ុន្ដែយ៉ាងណាខ្ញុំជឿជាក់ថា អង្គរថាយហ្គឺរនឹងធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីដណ្ដើម ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ»

ពាក់ព័ន្ធនឹងការត្រូវប្រឈមមុខជាមួយក្រុមចាស់នេះដែរ អ្នកចាំទីដៃទី១ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរ ដែលធ្លាប់ចំណាយពេល ៤រដូវកាលជាមួយវិសាខាបានបញ្ជាក់ថា «វាអត់មានសម្ពាធអ្វីលើខ្ញុំទេ ព្រោះខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ត្រៀមប្រកួតជាមួយក្លិបចាស់ (វិសាខា) ស្អែកនេះ...»

នេះគឺជាជំនួបដ៏ជក់ចិត្តរវាងក្រុមខ្លាំងទាំងពីរ ដ្បិតបច្ចុប្បន្នក្រុមនីមួយៗនៅមិនទាន់ស្គាល់បរាជ័យរៀងខ្លួនក្នុងលីគរដូវកាលថ្មីនេះ ប៉ុន្ដែក្រុមអង្គរថាយហ្គឺរ បានសម្រេចលទ្ធផលល្អប្រសើរជាងវិសាខា បន្ទាប់ពីពួកគេឆ្លងកាត់ ៧ប្រកួត ឈ្នះ ៦ និងស្មើ ១ រកបាន ១៩ពិន្ទុ ស្របពេលក្រុមវិសាខា ទើបរកបាន ១២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ ៣ និងស្មើ ៣។ ដូច្នេះចាំមើលតើស្អែកនេះ វិសាខា ឬអង្គរថាយហ្គឺរ នឹងទទួលបាន ៣ពិន្ទុបន្ថែម?

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមខ្លាំងៗទាំងពីរខាងលើ នឹងចាប់ផ្ដើមនាវេលាម៉ោង ៣៖៣០នាទីរសៀល។ ប៉ុន្ដែក្រោយចប់ការប្រកួតនេះ នឹងមានការប្រកួតដ៏ធំ ១គូទៀតផងដែរ ដោយក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋាន RSN នាម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ៕