(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យ និងក្លាយជាម្ចាស់ពានកម្រិតពិភពលោក Blue One Resort LPBA Championship អមដោយប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារកាលពីថ្មីៗ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានចូលរួមការប្រកួតដ៏ធំមួយទៀតហើយនៅសាធារណរដ្ឋកូរ៉េ គឺការប្រកួតកីឡាស្នូកឃ័រការ៉ុមជ្រើសរើសជើងឯក PBA Team League 2021-2022 ដែលមានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារឯណោះ។

លោក ស្រី ភាវី បានឲ្យដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិនេះបានដំណើរការប្រកួតជាង ១សប្ដាហ៍មកហើយ ដោយមានក្រុមខ្លាំងៗ មកពីក្រុមហ៊ុនធំៗកូរ៉េចំនួន៨ បានចម្រាញ់កីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ពិភពលោកចូលរួមប្រកួតប្រជែង ក្នុងនោះលោកស្រី បានប្រកួតតំណាងឲ្យក្រុមហ៊ុន Blue One Resort ជាមួយមិត្តរួមក្រុម ៥រូបផ្សេងទៀតដែលមានជនជាតិអេស្ប៉ាញម្នាក់ និងកូរ៉េ ៤នាក់។

ភាវី បន្ដថា បើធៀបនឹងការប្រកួត Blue One Resort LPBA Championship កាលពីខែមិថុនា ព្រឹត្តិការណ៍ PBA Team League នេះ មានការប្រកួតប្រជែងខ្លាំងជាង ដ្បិតជាការប្រកួតលក្ខណៈក្រុម ហើយត្រូវប្រើពេល ១ខែ ដើម្បីស្វែងរកជើងឯក។ អ្វីដែលពិសេស គឺក្រុមជើងឯកការប្រកួតនេះ នឹងទទួលបានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារឯណោះ។ ដូច្នេះក្រុមនីមួយៗបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតដ៏ធំនេះ។

កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំខាងលើបានបង្ហាញនូវមោទនភាព និងមានសេចក្ដីរីករាយជាខ្លាំងដែលទទួលបានការគាំទ្រ និងចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំសាធារណរដ្ឋកូរ៉េនេះ។ លោកស្រីបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមលទ្ធផលល្អជូនអ្នកគាំទ្ររបស់ខ្លួន ទាំងនៅសាធាណរដ្ឋកូរ៉េ និងនៅប្រទេសកម្ពុជា ពិសេសនាំមកនូវកិត្តិយសជូនប្រទេសកំណើតរបស់ខ្លួនផ្ទាល់តែម្ដង។

គួរដឹងថា នេះគឺជាលើកដំបូងហើយដែល ស្រួង ភាវី បានចុះកុងត្រាប្រកួតតំណាងឲ្យក្រុមហ៊ុននៅកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រីធ្លាប់បដិសេធសំណើក្រុមហ៊ុនជាច្រើន។ ជាង ១០ឆ្នាំដែលលោកស្រីបានទៅរស់នៅ និងប្រកបអាជីពកីឡាស្នូកឃ័រការ៉ុមនៅទីនោះ។ លោកស្រីបានចូលរួមប្រកួត និងដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនមកហើយ រហូតធ្វើឲ្យប្រជាពលរដ្ឋកូរ៉េមានការស្ញប់ស្ញែងជាខ្លាំង ចំពោះសមត្ថភាពស្រ្ដីខ្មែររូបនេះ៕