(ប៊ូណូអាយរេស)៖ ខ្សែប្រយុទ្ធ Lionel Messi ដែលជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន Copa America 2021 ត្រូវបានគេគំរាមបោកគ្រាប់បែកនៅព្រលានយន្តហោះ Rosario ប្រទេសអាហ្សង់ទីន នៅពេលដែលរូបគេទៅដល់ទីនោះ។នេះបើតាមការចេញផ្សាយដោយ Times Now News នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ប្រភពខាងលើបានឲ្យដឹងថា Messi ដែលមានវ័យ ៣៤ឆ្នាំ ត្រូវបានគេគំរាមបោកគ្រាប់បែកនៅព្រលានយន្តហោះ Rosario នៅពេលដែលកីឡាកររូបនេះត្រៀមត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ខណៈ Messi បានផ្លាស់ប្តូរពេលវេលា បន្ទាប់ពីមានបញ្ហានេះដែលរូបគេបានលើកពាន Copa America 2021 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

បញ្ហានេះបានកើតឡើង បន្ទាប់ពីក្រុមប៉ូលិសបានរកឃើញថា មានបុរសម្នាក់មានគ្រាប់បែកនៅក្នុងវ៉ាលីរបស់គាត់ នៅមុនពេលប៉ុន្មានម៉ោងដែល Messi ត្រៀមឡើងយន្តហោះចេញពីស្រុកកំណើរទៅកាន់ប្រទេសអេស្ប៉ាញវិញ ហើយក៏ត្រូវបានក្រុមប៉ូលិសសម្រេចផ្អាកជើងហោះហើរតែម្តង ខណៈនៅមិនទាន់បានដឹងថា នោះជាគ្រាប់បែកពិតប្រាកដ ឬក្លែងក្លាយនោះទេ៕