(អ៉ីតាលី)៖ ក្រុមបាល់ទាត់អាសូរីអ៉ីតាលី បានបញ្ចប់រយៈពេលរង់ចាំ ៥៣ឆ្នាំក្នុងការឈ្នះជើងឯកកម្រិតអឺរ៉ុប UEFA European Championship ជាលើកទី២ គិតចាប់តាំងពីបានលើកពាននេះដំបូងក្នុងឆ្នាំ១៩៦៨ ក្នុងទឹកដីរបស់ខ្លួន នៅពេលផ្តួលប្រទេសយូហ្គោស្លាវីក្នុងម៉ោងថែម។

គិតចាប់តាំងពីតែងតាំងលោក Roberto Mancini អតីតគ្រូបង្វឹកក្លិបអង់គ្លេស Manchester City ជាអ្នកចាត់ការទូទៅថ្មីកាលឆ្នាំ២០១៨ មក អ៉ីតាលីលេងមិនចាញ់ឡើយ អស់ណាស់ត្រឹមស្មើតែប៉ុណ្ណោះរហូតដល់ឈ្នះពាន Euro 2020 ក្នុងសម័យកាលលើកទី១៦ នេះ គិតចាប់ពីពាន ៤ឆ្នាំប្រកួតម្តងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ មក និងជាពានទី២ របស់ពួកគេផងដែរ គិតចាប់តាំងពីឈ្នះពាន FIFA World Cup 2006 នៅប្រទេសអាល្លឺម៉ង់រួចមក។

លេង ៧ប្រកួតរហូតដល់ឈ្នះពាន Euro 2020 អ៉ីតាលីលេងឈ្នះទាំងអស់ក្នុងនោះឈ្នះពេញម៉ោង ៩០នាទី ៤ប្រកួត និងឈ្នះឆ្លងចូលម៉ោងថែម និងប៉េណាល់ទី ១១ម៉ែត្រចំនួន ៣ប្រកួត។ អ្វីដែលគួរកម្គាល់នោះ អ៉ីតាលីបានទម្លាក់ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១ FIFA World Ranking ពិភពលោកនាពេលបច្ចប្បន្នប៊ែលហ្សិកតាំងពីក្នុងវគ្គ ៨ក្រុមដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត មុនមកទម្លាក់អតីតជើងឯក Euro ៣សម័យកាលអេស្ប៉ាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត ដើម្បីឡើងទៅប៉ះតោកំណាចអង់គ្លេសប្រជែងបានពានតែម្តង។

ក្រោយពីទម្លាក់ប៊ែលហ្សិក និងអេស្ប៉ាញរួចអ្នកគាំទ្រ និងអ្នកវិភាគល្បីនៅជុំវិញពិភពលោក បានគិតរួចហើយថា អ៉ីតាលីនឹងឈ្នះជើងឯក Euro 2020 នេះ នៅក្រោយពេលពួកគេឃើញការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាកបញ្ចប់ទៅដោយភាពត្រដាបត្រដួសបំផុត បើទោះបីជាអង់គ្លេសដណ្តើមបានជ័យជម្នះក្នុងម៉ោងថែម ១៥នាទី ២ដងក៏ដោយ។

១វិញទៀត ពួកគេបានសំអាងថា អ៉ីតាលីធ្លាប់បានយកឈ្នះអង់គ្លេស ២ដងរួចមកហើយនៅពានអឺរ៉ុបនេះកាល Euro ឆ្នាំ១៩៨០ ក្នុងការប្រកួតពេញម៉ោង ៩០នាទី និង Euro ឆ្នាំ២០១២ ដោយបាល់ ១១ម៉ែត្រ ក្រៅពីឈ្នះពានកម្រិតពិភពលោក World Cup បានចំនួន ៤សម័យកាលស្មើទៅនឹងអាល្លឺម៉ង់ផងដែរ។

គ្រូបង្វឹកអេស្ប៉ាញ លោក Luis Enrique ក៏បានមើលឃើញ និងគាំទ្រអ៉ីតាលីឈ្នះពានផងដែរ ដ្បិតរូបលោកឃើញថា អ៉ីតាលីបានទម្លាក់ក្រុមលោកដោយអស់ចិត្ត និងជាក្រុមរក្សាទម្រង់លេងបានល្អគិតចាប់តាំងពីឆ្នាំ២០១៨ មក បើទោះបីពួកគេបានខកខានព្រឹត្តិការណ៍ World Cup កាលឆ្នាំនោះក៏ដោយ។

យ៉ាងណាមិញ អង់គ្លេសនៅតែមិនអាចស្គាល់រសជាតិពាន Euro នេះដដែលដែលមានរយៈពេល ៦១ឆ្នាំគិតចាប់តាំងពីថ្ងៃបង្កើតពានអឺរ៉ុបដំបូងក្នុងឆ្នាំ១៩៦០ មក តែបានបញ្ចប់ទន្ទឹងរង់ចាំអស់រយៈពេល ៥៥ឆ្នាំក្នុងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ក្រោយពេលឈ្នះពាន World Cup លើកដំបូងនៅកីឡដ្ឋាន Wembley នេះដូចគ្នាក្នុងឆ្នាំ១៩៦៦ មក។

អ្នកចូលចិត្ត និងគាំទ្រអង់គ្លេសបានគិតថា តោកំណាចនឹងលើកពាន Euro ជាប្រវត្តិសាស្រ្តមិនខាន ដ្បិតប្រកួតផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ពួកគេ និងមានអ្នកគាំទ្រច្រើនលើសលប់ក្នុងកីឡដ្ឋាន Wembley មានជិតដល់ ៧ម៉ឺននាក់ឯណោះ គ្រាដែលអ្នកគាំទ្រខាងក្រុមភ្ញៀវអាសូរីអ៉ីតាលីវិញ មានមិនដល់ ១ម៉ឺននាក់ផងទេ។ មួយវិញទៀត អង់គ្លេសពោរពេញដោយកីឡាករវ័យក្មេងលេងល្អដែលត្រូវបានលោក Gareth Southgaet ជ្រើសរើសចេញពីក្លិបទើបឈ្នះពានលីគផងដែរ តែលទ្ធផលចេញមកមិនដូចការគិតនោះទេ នៅពេលអាសូរីអ៉ីតាលីសំបូរទៅដោយកីឡាករចាស់ៗ ពោរពេញដោយបទពិសោធ និងមានប្រវត្តិលេងមិនចាញ់អង់គ្លេសឡើយក្នុងការប្រកួតពានរង្វាន់ធំៗនាពេលកន្លងមក៕