(ថៃ)៖ ពិធីករល្បីឈ្មោះជនជាតិថៃ និងជាប្រធានរៀបចំកម្មវិធី «Miss Grand International» លោក Nawat Itsaragrisil ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ ខណៈរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា លោកមានភាពប្រសើរឡើងវិញនៅឡើយទេ។ យ៉ាងណាមិញ នៅពេលនេះ មានរូបភាពមួយសន្លឹកដែលទើបនឹងបញ្ចេញ អំឡុងពេលលោក Nawat កំពុងប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះ អមដោយការពាក់អុកស៉ីសែនជំនួយដង្ហើម។

នៅប៉ុន្មានម៉ោងមុននេះ តាមរយៈផេកផ្លូវការរបស់ «Miss Grand International» គឺមានរូបភាពមួយសន្លឹករបស់លោក Nawat ត្រូវបានបង្ហោះជាសាធារណៈ បង្ហាញពីទិដ្ឋភាពរបស់លោកកំពុងសម្រាក លើគ្រែអ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ អមដោយការបំពាក់នូវឧបករណ៍អុកស៉ីសែនដដែល។ តាមរយៈរូបភាពមួយសន្លឹកនោះ គឺបានភ្ជាប់នូវសារជាភាសាអង់គ្លេស ដែលប្រែជាភាសាខ្មែរថា «នៅតែបន្តប្រយុទ្ធជាមួយកូវីដ-១៩។ ពិតជាអរគុណខ្លាំងណាស់ សម្រាប់អ្នកគាំទ្រទូទាំងពិភពលោក»

លោក Nawat Itsaragrisil គឺជាស្ថាបនិកផ្ដួចផ្ដើម បង្កើតកម្មវិធីប្រកួតបវរកញ្ញា «Miss Grand International» ដែលអនុញ្ញាតឲ្យប្រទេសនានា ទិញកម្មសិទ្ធិនៃកម្មវិធីរបស់លោក ទៅរៀបចំការប្រកួត នៅតាមប្រទេសរៀងៗខ្លួន ខណៈបេក្ខនារីមកពីប្រទេសនីមួយៗនឹងប្រមូលផ្តុំគ្នា ដើម្បីទៅប្រកួត «Miss Grand International» ខណៈកម្ពុជាកន្លងទៅ ក៏ធ្លាប់បញ្ចូនបេក្ខនារីជាបន្តបន្ទាប់ ទៅចូលរួមប្រកួតកម្មវិធីនេះដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញស្ថានភាពរបស់លោក Nawat ទស្សនិកជនដែលធ្លាប់គាំទ្រកម្មវិធី Miss Grand ជាច្រើន បាននាំគ្នាផ្ញើសារជូនពរឲ្យលោកឆាប់បានជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះផងដែរ៕