(ប៉េកាំង)៖ ប្រទេសចិន នឹងបញ្ជូនអត្តពលិកចំនួន៤៣១នាក់, ក្នុងនោះរួមទាំងម្ចាស់ពានរង្វាន់ Olympic ចំនួន២៤នាក់ផងដែរ, ដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Tokyo Olympic Games ដែលនឹងធ្វើឡើងនៅចុងខែនេះ ខណៈប្រតិភូរបស់ចិន ត្រូវបានបង្ហាញឈ្មោះជាផ្លូវការ នៅទីក្រុងប៉េកាំង នាថ្ងៃពុធនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ប្រតិភូអត្តពលិកចិន រួមមានអត្តពលិកស្រីចំនួន២៩៨នាក់ និងបុរស១៣៣នាក់ នឹងចូលរួមប្រកួត នៅក្នុង២២៥ប្រកួត នៃព្រឹត្តិការណ៍កីឡា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងចំណោមអត្តពលិកម្ចាស់ពានរង្វាន់អូឡាំពិក២៤នាក់ នៅក្នុងប្រតិភូ, មាន១៩នាក់ ធ្លាប់ដណ្តើមមេដាយមាស នៅឯព្រឹត្តិការណ៍ 2016 Rio Olympics ស្របពេលដែលអត្តពលិក២៩៣នាក់ នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ Olympic នេះ។

«នេះគឺជាប្រតិភូ Olympic របស់ចិន ដែលមានចំនួនច្រើនបំផុត មិនធ្លាប់មានពីមុនមក ដែលត្រូវបានបញ្ជូនទៅប្រកួតនៅក្រៅប្រទេស» នេះបើតាមសម្តីលោក Gao Zhidan អនុប្រធានរដ្ឋបាលកីឡារបស់ចិន។ លោកបន្ថែមថា ប្រតិភូសរុបមានសមាជិក៧៧៧នាក់, ក្នុងនោះរួមទាំងគ្រូបង្វឹកបរទេស៣០នាក់ផងដែរ ហើយស្ទើរតែទាំងអស់ នៃសមាជិកប្រតិភូ បានទទួលវ៉ាក់សាំងរួចរាល់។

ចិន រំពឹងថា នឹងដណ្តើមបានមេដាយមាស ទៅលើប្រភេទកីឡា ដូចជា៖ កីឡាវាយកូនបាល់លើតុ, កីឡាវាយសី, កាយសម្ព័ន្ធ, ការលើកទម្ងន់, បាញ់កាំភ្លើង និងកីឡាមុជទឹក៕