(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសាជីវកម្មធានារ៉ាប់រងឥណទានកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ប្រាក់កម្ចីអាជីវកម្មពិសេស តាមរយៈគម្រោងធានាឥណទាន ដើម្បីអាជីវកម្ម (BRGS) ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងកំឡុងពេលប្រតិបត្ដិការដ៏លំបាកនេះ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការ គម្រោងធានាឥណទាន ដើម្បីអាជីវកម្ម តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលធនាគារ ព្រីនស៍ ម.ក គឺជាធនាគារមួយដែលគាំទ្រលើគំនិតផ្តួចផ្តើមនេះ។

ការធ្វើអាជីវកម្មដំបូង របស់គម្រោងធានាឥណទានដើម្បីអាជីវកម្ម នឹងរួមចំណែកដល់ការបង្កើនប្រាក់កម្ចីថ្មីចំនួន២០០លានដុល្លារអាមេរិក ក្នុងវិស័យធនាគារ សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្នើប្រាក់កម្ចី ពីធនាគារដែលជាដៃគូសហការបស់ សាជីវកម្មធានាឥណទានកម្ពុជា។

ការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាវត្ថុបញ្ចាំ (ទ្រព្យបញ្ចាំ) សន្តិសុខ (ការធានា) សម្រាប់៧០%-៨០% នៃចំនួនប្រាក់កម្ចីដែលបានស្នើសុំពី គ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ ដូច្នេះការធ្វើបែបនេះ នឹងកាត់បន្ថយលើទ្រព្យបញ្ចាំ ដែលតម្រូវពីខាងអ្នកស្នើកម្ចី។

ស្ថានភាពសេដ្ឋកិច្ចដែលគ្មានស្ថេរភាព និងបញ្ហាប្រឈម បានបណ្តាលឱ្យអាជីវកម្មជាច្រើន ពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ របស់ពួកគេក៏ដូចជាពិបាកក្នុងការ ទទួលបាននូវមូលនិធិបន្ថែម ក្នុងការផ្សារភ្ជាប់ស្ថានភាពបច្ចុប្បន្ន ជាពិសេសសម្រាប់អាជីវករ ដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង (start up) អ្នកដែលចង់ពង្រីក ឬវិនិយោគ ឬដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។

ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នធនាគារ ព្រីនស៍ មានការយល់ដឹងពីតម្រូវការនៃផ្នែកនេះ ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់អតិថិជន ដោយផ្តល់សាច់ប្រាក់ងាយស្រួល សម្រាប់តម្រូវការរបស់ពួកគេ ហើយនឹងផ្តល់អត្រាការប្រាក់ពិសេស សម្រាប់ប្រាក់កម្ចីអាជីវកម្មរបស់ពួកគេ ក្នុងគ្រាលំបាកនេះ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា «អស្ថេរភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដោយសារជំងឺរាតត្បាតបានជះឥទ្ធិពលខ្លាំង ដល់អាជីវកម្មក្នុងស្រុក ដែលធ្វើឱ្យពួកគេពឹងផ្អែក លើប្រភពថវិកាខាងក្រៅ។ ក្នុងភាពជាដៃគូ ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ យើងមានបំណងជួយដល់អាជីវកម្ម រួមមានសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបាន ប្រាក់កម្ចីជាផ្លូវការពីធនាគារ ព្រីនស៍ សម្រាប់ធ្វើការវិនិយោគ និងពង្រីកអាជីវកម្ម»

លោកបានបន្ដថា លើសពីនេះទៀត ជាការប្តេជ្ញាចិត្តក្នុងការគាំទ្រ ដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល សម្រាប់ឧត្ដរជីព និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ។

លោក Wong Keet Loong, នាយកប្រតិបត្តិនៃសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា «សាជីវកម្មធានាឥណទានកម្ពុជា មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ព្រីនស៍ ក្លាយជាសមាជិក ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ សម្រាប់គ្រោងធានាឥណទាននេះ។ ជាមួយនឹងភាពជាដៃគូនេះ សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រដល់អ្នកស្នើប្រាក់កម្ចី សម្រាប់អាជីវកម្មបន្ថែមទៀត នៅទូទាំងសាខាទាំង៣២របស់ធនាគារ ព្រីនស៍»

លោកបានបន្ដថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ប្រាក់កម្ចីសរុបចំនួន៤លានដុល្លារអាមេរិក ហើយមានសុទិដ្ឋិនិយមថា ចំនួននេះនឹងកើនឡើងបន្ថែមទៀត។

ធនាគារ ព្រីនស៍ ម.ក បានចូលរួម ក្នុងគំនិតផ្តួចផ្តើមរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចី ក្នុងគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ដើម្បីផ្តល់ជូនឥណទាន ដែលមានទ្រព្យធានា និងឥណទានដែលគ្មានទ្រព្យធានា។

គម្រោងនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្ម ដែលខ្វះខាតនូវទ្រព្យបញ្ចាំ អាចដាក់ពាក្យសុំឥណទាន គ្មានទ្រព្យធានានៅធនាគារ ព្រីនស៍បាន ដែលក្នុងនោះសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជា «អ្នកធានា» សម្រាប់ពួកគេក្នុងាករស្នើប្រាក់កម្ចី ដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ។

សូមកុំរង់ចាំយូរយើងនៅទីនេះ ដើម្បីជួយដល់ម្ចាស់អាជីវកម្មកម្ពុជា សូមអញ្ជើញទៅកាន់ធនាគារ ព្រីនស៍ នៅថ្ងៃនេះដើម្បីដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជា ដោយអញ្ជើញទៅកាន់សាខាណាមួយ របស់ធនាគារ ព្រីនស៍ ដែលនៅជិតអ្នក ឬទំនាក់ទំនងមកលេខ ១៨០០២០ ៨៨៨៨ ដោយឥតគិតថ្លៃ ឬចូលទៅកាន់គេហទំព័រ សាជីវកម្មធានាឥណទានកម្ពុជា www.cgcc.com.kh