(វែលលីងតុន)៖ គណៈកម្មាធិការអូឡាំពិកណូវែលសេឡង់ (NZOC) បានបញ្ជាក់ថា នឹងបញ្ជូនប្រតិភូដែលមានចំនួនអត្តពលិកច្រើនបំផុត មិនធ្លាប់មានពីមុនមក ពោលគឺ២១១នាក់ ដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Tokyo Olympic នៅប្រទេសជប៉ុន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រុមអត្តពលិកណូវែលសេឡង់ គ្រោងនឹងចូលរួមប្រកួត២២ប្រភេទកីឡា។

ជាមួយនឹងអត្តពលិកស្រី១០១នាក់, វានឹងក្លាយជាចំនួនប្រតិភូស្រី ដែលមានចំនួនច្រើនជាងគេបំផុត មិនធ្លាប់មានពីមុនមក របស់ណូវែលសេឡង់ ក្នុងការចូលរួមព្រឹត្តិការណ៍ Olympic, នេះបើតាមការបញ្ជាក់ពី NZOC។

អត្តពលិក១១៨នាក់ នឹងចូលរួមការប្រកួតជាលើកដំបូង ក្នុងព្រឹត្តិការណ៍ Olympic, ស្របពេលដែលអត្តពលិក៩៣នាក់ទៀត ធ្លាប់មានបទពិសោធន៍ ចូលរួមប្រកួតនៅព្រឹត្តិការណ៍កីឡានេះ។

កីឡាការិនី Dame Valerie Adams នឹងបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាអត្តពលិកស្រីទី២ របស់ណូវែលសេឡង់ ដែលនឹងចូលរួមប្រកួត៥លើក ក្នុងព្រឹត្តិការណ៍ Olympic Games៕