(អ៉ីតាលី)៖ ក្លិបបាល់ទាត់ Roma ដែលលេងនៅលីគ Serie A របស់អ៉ីតាលី បានប្រកាសពីការចុះកិច្ចសន្យា ជាលើកដំបូងរបស់ខ្លួន ក្នុងរដូវក្តៅនេះ នាថ្ងៃអង្គារ, ដោយអ្នកចាំទីអន្តរជាតិសញ្ជាតិព័រទុយហ្គាល់ កីឡាករ Rui Patricio បានចូលរួមជាមួយក្លិប ដោយផ្ទេរមកពីក្លិប Wolverhampton Wanderers, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

Patricio បានចាប់ផ្តើមការលេងនៅតាមក្លិប នៅឯក្លិប Sporting Clube de Portugal មុនពេលប្តូរទៅលេងនៅក្លិប Wolves ក្នុងឆ្នាំ២០១៨។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក៏ធ្លាប់បានជាប់៩៧លើក លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់, ដែលលោកបានចូលរួម ធ្វើឲ្យព័រទុយហ្គាល់ ឈ្នះពានរង្វាន់ 2016 European Championship, បានធ្វើឲ្យខ្លួនលោក ក្លាយជាកីឡាករអ្នកចាំទី ដែលជាប់នៅក្នុងក្រុមជម្រើសជាតិ ច្រើនជាងគេបំផុត។

ក្លិប Roma បានបញ្ជាក់ថា កីឡាករអ្នកចាំទីនេះ បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល៣ឆ្នាំ ហើយតម្លៃនៃការផ្ទេរមានចំនួន១១.៥លានអឺរ៉ូ។

Patricio នឹងពាក់អាវលេខ១ នៅឯក្លិប Roma៕